អ្នកនេសាទត្រីលក្ខណៈគ្រួសារស្នើសមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅស្រុកចន្ទ្រា
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្ទ្រា ប្រកបមុខរបរនេសាទបែបបុរាណ ប្រើប្រាស់ឧបករណ៍ តាយ៉ឺន ដាក់នៅតាមអូរ និងវាលស្រែ នៅជិតព្រំដែន ដើម្បីយកត្រីលក់សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងរដូវវស្សា ក្រៅពីការធ្វើស្រែ។ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋភូមិកោះឬស្សី បានប្រាប់អ្នកសារព័ត៌មានធីអិនអឹម ឱ្យដឹងថា នៅភូមិកោះឬស្សី ក៏ដូចប្រជាពលរដ្ឋក្នុងឃុំទួលស្តី ប្រកបមុខរបរនេសាទ នៅរដូវវស្សា ក្រោយពីធ្វើស្រែ រួមមានចងសន្ទូច ដាក់មង និងដាក់តាយ៉ឺន ជាលក្ខណៈគ្រួសារ ។ តាមប្រភពដដែលបានបន្តថា គ្រួសារគាត់ប្រកបមុខរបរដាក់តាយ៉ឺនចំនួន៣០តាយ៉ឺន ដាក់តាយ៉ឺន គឺដាក់នុយ ដោយត្រាំស្រូវ២ទៅ៣យប់ឲ្យស្រូវស្អុយ រួចយកមកច្របល់ជាមួយបាយ ប្រឡាក់ជាមួយផេះ យកដាក់ក្នុងតាយ៉ឺនដើម្បីឲ្យត្រីក្រាញ់និងត្រីអណ្តែលចូល ហើយឧបករណ៍តាយ៉ឺននេះគឺយកទៅដាក់តាមអូរ និងស្រែជម្រៅដែលស្មៅ និងមានត្រីច្រើន ហើយការដាក់២ទៅ៣ថ្ងៃទើបលើកម្តង ជាមធ្យម ក្នុងតាយ៉ឺន១ ចូលត្រីចាប់ពី១០ក្បាល ទៅ១៥ក្បាល ។ ថ្ងៃខ្លះ តាយ៉ឺន១ អាចបានត្រី១គីឡូកន្លះទៅ៣គីឡូក្រាម (តាយ៉ឺន៣០ អាចបានត្រី៣៥គីឡូ ទៅ៤០គីឡូក្រាម) ត្រីក្រាញ់ក្នុង១គីឡូក្រាម លក់បាន១២,០០០រៀល ពេលខ្លះលក់មិនអស់ ពួកគាត់ធ្វើផ្អកលក់ ។ ប្រជាពលរដ្ឋក្នុងភូមិចូលចិត្តទិញត្រីស្រែ ធ្វើម្ហូប ដោយត្រីស្រែធម្មជាតិមានរស់ជាតិឆ្ងាញ់ជាងត្រីដែលនាំចូលពីប្រទេសជិតខាង។ អ្នកនេសាទលក្ខណៈគ្រួសារ ដែលប្រើប្រាស់ឧបករណ៍បុរាណ បានលើកឡើងដែរថា កន្លងមកក៏ដូចបច្ចុប្បន្ន ក៏មានអ្នកនេសាទខ្លះប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែរ គឺការប្រើប្រាស់ឧបករណ៍ឆ.ក់ត្រី ឆ.ក់ក្តៅ និងឆ.ក់ត្រជាក់ បណ្តាលឲ្យពាយ និងវិនាសត្រីធម្មជាតិ វិនាសទាំងមុខរបរនេសាទពួកគាត់ទៀត។ ពួកគាត់សូមអំពាវនាវដល់អ្នកនេសាទលក្ខណៈគ្រួសារទាំងអស់មេត្តាប្រើប្រាស់ឧបករណ៍នេសាទណាដែលមន្ត្រីជលផលអនុញ្ញាតបានហើយដើម្បីអភរក្សត្រីធម្មជាតិបន្តពូជ ពងកូន ។ ប្រជាពលរដ្ឋបានសូមសំណូមពរដល់សមត្ថកិច្ចពាក់ពន្ធ័មេត្តាចុះពិនិត្យបទល្មើសនេសាទខុសច្បាប់ផង ជាពិសេស អ្នកឆក់ត្រី ឆក់ក្តៅឆក់ត្រជាក់ បច្ចុប្បន្នមានអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី ខុសច្បាប់តាមអូរ និងវាលស្រែ មិនថានៅឃុំទួលស្តីទេ គឺក្នុងស្រុកចន្ទ្រា មានទាំងវៀតណាមក៏លួចឆ្លងដែនចូលមកឆក់ត្រីដែរ។ ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជលផលបានទេរហូតមកដល់ព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៣នេះ ៕ សម្រួលដោយ ទៀង បុណ្ណរី