ជនសង្ស័យបើកបុកនគបាលចរាចរណ៍ ត្រូវសមត្ថកិច្ចចាប់បាន ដែលជានគបាលដូចគ្នា

មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់បើករថយន្តបុកនាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដែលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ និងសន្លប់នៅនិងកន្លែង។ ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញា និងបានចាប់ខ្លួនជនបង្កហើយ នាពេលនេះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិបាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង។ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបណ្តាលឱ្យលោកនាយរងផ្នែកសណ្តាប់ធ្នាប់នចរាចរណ៍នៃអធិការដ្ឋាននគបាលក្រុងស្វាយរៀងម្នាក់រងរបួសបាក់ឆ្អឹងជំនី បាក់ដងកាំបិត បាក់ដៃម្ខាង ដាច់ជង្គង់ទាំងសងខាង បាក់ថ្គាម និងពកក្បាលធ្ងន់ធ្ងរ ខណៈសមត្ថកិច្ចដាក់ការសង្ស័យថា ជនបង្កមានចេតនា។  ប្រភពសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋ បានឃើញជនរងគ្រោះ គឺលោកអនុសេនីយ៍ឯក នាង សុខនរ៉ា នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង ឈរត្រួតពិនិត្យសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតកែងផ្លូវបំបែកជាបួន មួយសន្ទុះក្រោយមក គេឃើញមានរថយន្តមួយ គ្រឿងម៉ាកTOYOTA ព្រុសពណ៌ស បើកពីទិសខាងលិចទៅកើតយ៉ាងលឿន លុះទៅផុតផ្លូវបំបែកជាបួន បានប្រមាណ ១០០ម៉ែត្រចំណុចខាងមុខយានដ្ឋានជួសជុលរថយន្ត ស្រាប់ចាប់ហ្វ្រាំងបង្អង់ល្បឿនរួចបត់មកក្រោយវិញបើកពីទិសខាងកើតមកលិចយ៉ាងលឿនសំដៅមកបុកជនរងគ្រោះពេញទំហឹងប៉ើងហោះទៅលើខ្ទាតចម្ងាយជាង១០ម៉ែត្រ ធ្លាក់មកលើថ្នល់សន្លប់ឈឹងតែម្តង។ ចំណែករថយន្តបង្ក បានបន្ថែមល្បឿនយ៉ាងលឿនបើករត់គេច ខណៈសមត្ថកិច្ចដែលឈរជើងនៅកន្លែងកើតហេតុនោះបានជិះម៉ូតូ២គ្រឿងដេញតាមរថយន្តបង្ក រហូតមកដល់រង្វង់មូលនាគរាជ្យ ខាងមុខសាលាដំបូងខេត្ត ក៏បាត់ដានទៅ។ ដោយឡែក ជនរងគ្រោះត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ប៉ុន្តែ ដោយស្ថានភាពធ្ងន់ធ្ងរ ក៏បានបញ្ជូនបន្ត មកមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដើម្បីសង្គ្រោះបន្ទាន់។ តែយ៉ាងណា ដោយនៅកន្លែងកើតហេតុ មានដាក់កាមេរ៉ា សុវត្ថិភាព បានឃើញភិនភាគរថយន្តបង្ក តែមើលមិនឃើញស្លាកលេខ ក៏ប៉ុន្តែសមត្ថកិច្ចបានដាក់កម្លាំងស្ទាក់គ្រប់ផ្លូវ ក្នុងនិងក្រៅក្រុងស្វាយរៀង រហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែល ទើបរកឃើញរថយន្តបង្ក យកទៅលាក់ទុកនៅក្នុងផ្ទះមួយ ក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង។ នៅពេលឆែកឆេក្នុងរថយន្ត សមត្ថកិច្ចបានឃើញកាតគ្រីរថយន្ត និងអត្តសញ្ញាណបណ្ណចម្លងមួយសន្លឹក ទើបស្រាវជ្រាវស្គាល់អត្តសញ្ញាណ រហូតចាប់ខ្លួនជនសង្ស័យបាន។  បើតាមប្រភព ជនសង្ស័យឈ្មោះ ប្រាក់ ឯមសារ៉ាវុធ ជាមន្ត្រីនគបាលផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀងក្រុងស្វាយរៀង ជាកូនមន្ត្រីគយ។  បើតាមសាច់ញាតិជនសង្ស័យ បាននិយាយថា មិនមែនមានចេតនាបុកជនរងគ្រោះដូចការសង្ស័យពីសមត្ថកិច្ចនោះទេ គឺមកពីងងុយដេកងោកមួយភាំង ទើបបង្កគ្រោះថ្នាក់បែបនេះ ដោយជនបង្ក បានបើករថយន្តទៅលេងខេត្តសៀមរាបកាលពីថ្ងៃសុក្រទី២៧-២៨ ខែតុលា ដល់ថ្ងៃអាទិត្យ ទី២៩ ខែតុលា ទើបត្រឡប់មកវិញ រថយន្តមិនស្រួលខូច លុះព្រឹកឡើងថ្ងៃចន្ទ័ យកឡានទៅធ្វើជួសជុល ពេលទៅដល់យានដ្ឋានជួសជុលមើលទៅមិនឃើញជាងបើកទ្វា ក៏បើករថយន្តត្រឡប់មកផ្ទះវិញ ស្រាប់តែងងិតមុខ ទើបរេចង្កូតទៅបុកជនរងគ្រោះតែម្តង។ តែយ៉ាណា សមត្ថកិច្ចនៅតែដាក់ការសង្ស័យថា ជាចេតនា ខណៈបច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង