កាប្រឡងមិនមែនពឹងទៅលើការបន់ស្រន់ទាំងស្រុងនោះទេគឺពឹងលើសមត្ថភាពរបស់ខ្លួនដែលចេះចាំពិតប្រាកដ។
នៅតាមទីសក្តារៈល្បីៗនានានៅទូទាំងប្រទេស នៅប៉ុន្មានថ្ងៃនេះ ឃើញយុវជន និងយុវនារី រួមទាំងអាណាព្យាបាលរបស់ពួកគេ ខ្លះបាននាំគ្នាទៅគោរពបូជាច្រើនកុះករចម្លែក ករណីដូចជា នៅព្រះអង្គដងកើជាដើម ។ មូលហេតុចម្បង គឺសុំបួងសួងអោយពួកគេប្រឡងជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះឯង ។ សម័យប្រឡងសញ្ញាប័ត្របញ្ចប់ការសិក្សាចំណេះដឹងទូទៅនេះ គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះហើយបានជាឃើញមានយុវជន និងយុវនារីជាច្រើនទៅតាមទីសក្ការៈនានា ដោយនៅភ្នំពេញអាចឃើញនៅព្រះអង្គដងកើ ដែលគេដឹងថា ទីនោះគឺជាកន្លែងដែលមហាជនតែងតែទៅបែបន់សុំលាភសក្ការៈ មានឲ្យ ប្រឡងជាប់ សុំកូន និងបួងសួងផ្សេងៗតាមជំនឿរបស់ខ្លួន ដោយមានលេងភ្លេងពិណពាទ្យនិងជាវផ្កាឈូក ស្លាធម៌ ដាក់ថ្វាយព្រះអង្គដងកើ។ អ្នកខ្លះទៀតក៏លែងសត្វ ដូចជាអណ្តើក បក្សី ឬត្រី នៅខាងមុខព្រះអង្គដងកើផងដែរ។ មកដល់ពេលនេះ អ្នកដែលបានបែបន់នោះ អ្នកខ្លះក៏បានសម្រេច អ្នកខ្លះទៀតសុំមិនបានសម្រេច រហូតមកដល់សព្វថ្ងៃនេះ ។ តាមការពន្យល់របស់លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ នៅពេលដែលលោកនៅមានជីវិត បានប្រាប់ឲ្យដឹងថា ព្រះអង្គដងកើ ត្រូវគេចាត់ទុកថា ជាអ្នកតាដ៏ធំជាងគេ បន្ទាប់ពីអ្នកតាឃ្លាំងមឿង។ ចំពោះប្រវត្តិព្រះអង្គដងកើនេះ មិនមានសៀវភៅណាសរសេររក្សាទុកទេ គ្រាន់តែជាសាច់រឿងដែលចាស់ៗនិយាយតៗគ្នាតែប៉ុណ្ណោះ ។ នេះគឺជាជំនឿអរូបិយ ហើយគ្រប់គ្នាមានសិទ្ធិជឿ ឬមិនជឿតាមសិទ្ធិសេរីភាពរៀងៗខ្លួន ហើយក៏មិនមែនជាកំហុសអ្វីនោះដែរ។ ប៉ុន្តែតាមហេតុផលតក្កវិទ្យា ប្រសិនបើយើងបន់ស្រន់ផង ហើយខិតខំផង គឺវាបានផល ជាជាងបានតែបន់ ហើយមិនខំ ។ មកដល់ពេលនេះ គ្មានការបកស្រាយណាមួយច្បាស់លាស់អំពីជំនឿរបស់មនុស្សឡើយ ប៉ុន្តែតាមតក្កវិទូ ការបន់ស្រន់ទាំងនេះ អាចនឹងជួយប្អូនៗដែលនឹងត្រូវប្រឡងដែលមានចំនួនសរុប ១៣៧.៤១២ នាក់ ដែលត្រូវប្រឡងនៅមណ្ឌលសរុបទូទាំងប្រទេសចំនួន ២២៧មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់ បានខាងផ្លូវអារម្មណ៍ ។ នៅក្នុងករណីប្អូនៗបានរៀន បានសូត្រ ប្អូនៗមានជំនឿ ហើយនាំគ្នាទៅបន់ស្រន់ យ៉ាងហោចណាស់ ក៏អាចអោយប្អូនៗមានជំនឿ មានស្មារតី មានភាពភ្លឺស្វាងនៅក្នុងអារម្មណ៍ ជឿទុកចិត្តលើខ្លួនឯង ដែលជាកត្តាមួយអាចអោយប្អូនៗទទួលបានលទ្ធផល ជោគជ័យ ប៉ុន្តែនៅក្នុងករណីប្អូនៗមិនបានរៀនសូត្រអីសោះ ហើយទៅបន់ស្រន់ ប្រហែលជាលោកតា និងវត្ថុស័ក្ដិសិទ្ធិក៏ទំនងជាមិនអាចជួយប្អូនៗបានដែរ នៅក្នុងអំឡុងពេលប្រឡងនោះ។ ហើយលទ្ធផលដែលគ្រោងនឹងចេញនៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំដដែល ក៏ប្រហែលជាមិនអាចមានប្អូនៗដែរ ។ នៅពេលនេះ នៅសល់ប្រហែលជាមួយសប្តាហ៍ទៀតប៉ុណ្ណោះ ដូច្នេះសូមខំរំលឹកមេរៀន ខំរំលឹករូបមន្តសម្រាប់លំហាត់ ដោយគេដឹងថា ប្អូនៗនៅក្នុងម្នាក់ៗប្រឡងតែ៧មុខវិជ្ជាប៉ុណ្ណោះ ពោលគឺសម្រាប់ប្អូនៗរៀនថ្នាក់វិទ្យាសាស្ត្រ មានមុខវិជ្ជាជម្រើស ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ចំណែកប្អូនៗរៀនថ្នាក់វិទ្យាសាស្ត្រសង្គម មានមុខវិជ្ជាជម្រើស ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋ និងអក្សរសាស្ត្រខ្មែរ។ សរុបមកវិញ អបិយជំនឿមិនមែនថា អត់ប្រយោជន៍ គ្មានគុណសម្បត្តិនោះឡើយ ។ អបិយជំនឿ អាចជាកម្លាំងចិត្ត ដែលរក្សាផ្លូវចិត្តយើងអោយរឹងប៉ឹង និងមាំទាំ ពីព្រោះការប្រឡងនីមួយៗមិនមែនជារឿងធម្មតាទេ។ ហើយកន្លងមក សឹងតែរាល់ឆ្នាំ គឺមានករណីយុវជន និងយុវនារី ដែលជាបេក្ខជន និងបេក្ខនារីប្រឡងមានបញ្ហាសុខភាពជារឿយៗ ដូច្នេះក្រៅពីខំរៀនហើយ ក៏ត្រូវតាំងចិត្តតាំងកាយ ហើយពង្រឹងស្មារតី ដោយរួមទាំងការសម្រាកអោយបានគ្រប់គ្រាន់ ចៀសវាងដួលនៅថ្ងៃប្រឡង ។ សូមជូនពរប្អូនៗដែលជាបេក្ខជន និងបេក្ខនារីប្រឡងឆ្នាំនេះ អោយទទួលបានលទ្ធផលគាប់ប្រសើរទាំងអស់គ្នា។ សម្រួលដោយ ទៀង បុណ្ណរី