UNបានបើក មហាសន្និបាតស្វែងរកបទឈប់បាញ់ជាបណ្តោះអាសន្ន រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រទី២៧តុលា ប្រទេសជាច្រើនបានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងទាមទារឱ្យមានការផ្ដល់ជំនួយទៅកាន់តំបន់ហ្កាហ្សាដែលត្រូវឡោមព័ទ្ធ និងការការពារជនស៊ីវិល។  ស្ថាប័ន​ដែល​មាន​សមាជិក​ចំនួន១៩៣ បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ដែល​ព្រាង​ដោយ​ក្រុម​នៃ​ប្រទេស​អារ៉ាប់​ចំនួន ២២។ សេចក្តីសម្រេចដែលព្រាងដោយរដ្ឋអារ៉ាប់នេះទទួលបានសំឡេងគាំទ្រ១២០, ៤៥អនុប្បវាទ និង១៤សំឡេងរួមទាំងអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកប្រឆាំង។ ជាការពិតណាស់ មហាសន្និបាត​បាន​បោះឆ្នោត​បន្ទាប់ពី​ក្រុមប្រឹក្សា​សន្តិសុខ​បាន​បរាជ័យ​ចំនួន​បួន​លើក​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងមក ​ដើម្បី​ចាត់វិធានការរំលត់ភ្លើងសង្រ្គាមរវាងអ៊ីស្រាអែល និងពួកហាម៉ាស។ ទន្ទឹមគ្នានេះ កាណាដា បានព្យាយាមដើម្បីធ្វើវិសោធនកម្មសេចក្តីសម្រេចដើម្បីរួមបញ្ចូលការបដិសេធ និងការថ្កោលទោសចំពោះការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស [..] និងការចាប់ចំណាប់ខ្មាំង ត្រូវបានបរជ័យ ដោយមិនទទួលបានសំឡេងគាំទ្រពីរភាគបីដែលត្រូវការ ដោយទទួលបានសំឡេងគាំទ្រត្រឹមតែ ៨៨សំឡេង, ប្រឆាំង៥៥សំឡេង និង២៣អនុប្បវាទ។  មហាសន្និបាត​នេះ បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​បង្វែរកាណុងកាំភ្លើងដែលកំណត់គោលដៅលើជន​ជន​ស៊ីវិល​នៅ​ហ្កាហ្សា​ និងជំរុញឱ្យអ៊ីស្រាអែលផ្លាស់ទី​ជនស៊ីវិលទៅ​តំបន់​ភាគខាងត្បូង​នៃ​តំបន់​នោះ។ ជាការពិតណាស់ អ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនប្រហែល១,១លាននាក់ នៅក្នុងតំបន់ហ្កាហ្សា ពោលគឺស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅតំបន់នេះឱ្យផ្លាស់ទីទៅភាគខាងត្បូងកាលពីថ្ងៃទី១២ ខែតុលា។ មហាសន្និបាត​ក៏បានបដិសេធ​យ៉ាង​ដាច់អហង្កា​ការ​ប៉ុនប៉ង​ក្នុង​ការ​ជម្លៀសជន​ស៊ីវិល​ប៉ាឡេស្ទីន​ដោយ​បង្ខំ។ លើសពីនេះ មហាសន្និបាតបានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៃជនស៊ីវិលទាំងអស់ដែលកំពុងជាប់ការឃុំឃាំងដោយខុសច្បាប់។ ទោះជាយ៉ាងណា អ៊ីស្រាអែល​បាន​ច្រាន​ចោល​ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់ ខណៈទីក្រុងហ្ស៊េរុសសាឡិម ថា ​ប្រសិនបើខ្លួនទទួលយកបទ​ឈប់​បាញ់ នោះក្រុម​ហាម៉ាស​នឹង​ទទួល​បាន​ផលប្រយោជន៍ជាក់ជាពុំខាន៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង