បុណ្យអុំទូកនៅខេត្តកំពង់ធំមានទូកចំនួន ៥៦ ចូលរួមចាប់ផ្ដើមនៅថ្ងៃស្អែក
អាជ្ញាធរខេត្តកំពង់ធំនឹងរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីបនៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ តាមបណ្តោយដងស្ទឹងសែនមុខវេទិកាអុំទូកខេត្ត ដើម្បីបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងថែរក្សាប្រពៃណីទំនៀមទម្លាប់។ នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានចុះជួបសំណេះ សំណាលជាមួយកីឡាករទូកសែនសិរីមានជ័យ។ ក្នុងឱកាសនោះលោកលើកឡើងថា កម្មវិធីបុណ្យអុំទូកនៅក្នុងខេត្តកំពង់ធំ នឹងរៀបចំនៅថ្ងៃទី ២៨-២៩ ខែតុលានេះ។ កម្មវិធីបុណ្យអុំទូកនៅឆ្នាំនេះ មិនត្រឹមតែចូលក្នុងការថែរក្សាព្រៃណីរបស់ដូនតាខ្មែរនោះទេ ប៉ុន្តែបង្កើតឡើងដើម្បីបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងថែរក្សាទំនៀមទម្លាប់ផងដែរ។ កម្មវិធីអុំនៅថ្នាក់ខេត្ត នឹងមានទូកចូលរួមប្រកួតប្រណាំងសរុបចំនួន ៥៦ ទូក និងមានកីឡាករ កីឡាការិនី សរុបប្រមាណ១,៦០០នាក់។ ទូកទាំងអស់ត្រូវចូលរួមប្រកួតប្រជែងអស់ពីសមត្ថភាពស្វែងរកជើងឯកត្រៀមសម្រាប់ទៅចូលរួមក្នុងពិធីអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្នាក់ជាតិ នៅថ្ងៃទី៧ ដល់៩ ខែវិច្ឆិកា មុខព្រះបរមរាជវាំងខាងមុខនេះ។ ក្រៅពីកម្មវិធីប្រណាំងទូក ក៏នឹងរៀបតាំងពិពណ៌លក់ដូរទំនិញជាច្រើនប្រភេទ ដែលទាំងម្ហូបអាហារ ភេសជ្ជៈ ផលិតផលភូមិមួយផលិតមួយ ការប្រគំតន្រ្តី ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត។ ជាមួយគ្នានេះនៅយប់ថ្ងៃទី ២៩ ខែតុលា រដ្ឋបាលខេត្តកំពង់ធំក៏នឹងរៀបចំកម្មវិធីបណ្តែតប្រទីបបង្ហោះគោម បាញ់កាំជ្រួចអបអរសាទរដែលខេត្តកំពង់ធំមានឱកាសប្រារព្ធពិធីក្រោមដំបូលសន្តិភាព។ ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ លោកអភិបាលរងខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តសប្បាយរីករាយក្នុងកម្មវិធីនេះប្រកបដោយទំនួលខុសត្រូវខ្ពស់៕ សម្រួលដោយ ទៀង បុណ្ណរី