ភ្លៀងនៅតែបន្តធ្លាក់ពី ៣០ទៅ៦០ភាគរយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០១ ខែវិច្ឆិកា
រាជធានីភ្នំពេញ៖ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី៣០ទៅ៦០ភាគរយ ចាប់ពីថ្ងៃទី២៨ដល់ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយមនាព្រឹកថ្ងៃទី២៨តុលានេះ…។
ក្រសួងបានអះអាងយ៉ាងដូច្នេះថា៖«ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្ទចិនខាងត្បូង។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់ប្រទេសថៃ និងសមុទ្ទចិនខាងត្បូងបានថមថយចុះឥទ្ធិពល។ ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី និងខាងត្បូង នាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្ទចិនខាងត្បូង មកលើប្រទេសកម្ពុជា»។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្តាខេត្តមួយចំនួននៅតំបន់មាត់សមុទ្ទ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី៤០ ទៅ៥០ភាគរយ។ ដោយឡែក បណ្តាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមគ្រប ដណ្ដប់លើផ្ទៃដីពី៣០ ទៅ៤០ភាគរយ។រីឯចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិន គ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្ទចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគ្នេយ៍ ផ្ទុកនូវសំណើមនៃសមុទ្ទចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលើតំបន់មាត់សមុទ្ទ និងតំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដីពី៣០ ទៅ៤០ភាគរយ។ ចំពោះតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់បង្គួរលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីពី៤០ភាគរយ ទៅ៦០ភាគរយ៕