ចាប់រថយន្តមួយគ្រឿងលួ.ចដឹកសាច់បង្កក និងប្រហិតគ្មានច្បាប់នាំចូលកម្ពុជា
ខេត្តកំពង់ឆ្នាំង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឃាត់រថយន្តមួយគ្រឿងចំណុះ១០តោនដឹកសា.ច់បង្កក និងប្រហិតគ្មានច្បាប់អនុញ្ញាត រួចបានប្រគល់ជូនមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលបានប្រាប់ឱ្យដឹងថា រថយន្តដែលដឹកប្រហិត និងសា.ច់បង្កក គ្មានច្បាប់អនុញ្ញាតខាងលើនេះ កឺម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ បាត់ដំបង3B.3255 បើកបរដោយបុរសមិនស្គាល់ឈ្មោះ (ចុះរត់ពេលសមត្ថកិច្ចឃាត់រថយន្ត)។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ដោយសមត្ថកិច្ចមានការសង្ស័យ ក៏បានឃាត់រថយន្តខាងលើ នៅចំណុចភូមិព្រែកកោង ស្ថិតក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ ហើយពេលពិនិត្យមើល ស្រាប់តែឃើញមានដឹកសាច់បង្កក និងសាច់ប្រហិតជាច្រើនមុខ ដោយគ្មានច្បាប់អនុញ្ញាតតែម្ដង។ ក្រោយការចាប់រថយន្តបានហើយ ក៏យកប្រគល់ឲ្យមន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។ ប្រភពដដែលបន្តទៀតថា នៅរសៀលថ្ងៃដដែលនោះ ក៏មានការចូលរួមត្រួតពិនិត្យពីក្រឡាបញ្ជីអមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមន្ត្រីសមត្ថកិច្ចចម្រុះ រួចរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការត្រួតពិនិត្យជាក់ស្ដែងនៅថ្ងៃស្អែកបន្តទៀត។ គួរបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងពាក់ព័ន្ធបានបញ្ឈប់ការនាំប្រហិត និងសាច់បង្កកចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះបើមានការនាំចូលនៅសាច់ប្រហិត ឬសាច់បង្កកនោះគឺជាក្រុមល្មើសច្បាប់លោ.តឆ័ត្រ លួ.ចនាំចូលប្រទេសកម្ពុជា ដោយលួ.ចលាក់៕