បុរសម្នាក់ជួបគ្រោះអកុសលដល់ជីវិតនៅពេលកំពុងឆ.ក់ត្រីល្មើសច្បាប់
ខេត្តបាត់ដំបង ៖ អ្នកឆក់ត្រីល្មើសច្បាប់ម្នាក់ ត្រូវគេប្រទះឃើញស្លា.ប់ក្នុងទឹកអូរមួយកន្លែង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ តុលា ស្ថិតត្រង់ចំណុចភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ដែលគេសង្ស័យថា ទំនងប្រើឧបករណ៍ឆក់ត្រី តែភ្លាត់ស្នៀតទើបឆក់ខ្លួនឯងស្លាប់ផ្ងារជើងក្នុងទឹកតែម្ដង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា សាកសពអ្នកឆក់ត្រីនោះ ឈ្មោះ រៀន ស៊ីម៉ិញគុយ ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ជនរងគ្រោះត្រូវបានអ្នកភូមិប្រទះឃើញ បន្ទាប់ពីបាត់ដំណឹងពេញមួយយប់ ក្រោយស្ពាយឧបករណ៍ឆក់ត្រីចេញពីផ្ទះ។ អធិការស្រុកបវេល លោក សុខ សារិន បានឲ្យដឹងថា បើតាមក្រុមគ្រួសារបានប្រាប់ថា ជនរងគ្រោះ បានស្ពាយអាគុយឆក់ត្រីនេះ ចេញពីផ្ទះតាំងពីក្បាលព្រលប់ តែគាត់មិនបានដឹងថា ទៅឆក់ត្រីនៅចំណុចណាទេ ។ លុះព្រឹកឡើងស្រាប់តែទទួលដំណឹងថា មានគេប្រទះឃើញឈ្មោះ គុយ ដេកស្លាប់ក្នុងទឹកអូរជាមួយនឹងឧបករណ៍ឆក់ត្រី។ លោក សុខ សារិន បានបញ្ជាក់ថា បើតាមពិនិត្យលើសាកសព បុរសនេះស្លាប់ផ្ងាជើង ហើយមានដងឆក់មួយគួរនៅលើភ្លៅ ។ គេសង្ស័យជនរងគ្រោះឆក់ត្រី តែភ្លាត់ស្នៀតក៏ឆក់ខ្លួនឯងដួលផ្ងាជើងក្នុងទឹកស្លាប់តែម្ដង ។ លោកបានបន្ថែមថា គេមិនដឹងថា ជនរងគ្រោះជួបគ្រោះថ្នាក់ពីពេលណាទេ លុះព្រឹកឡើងទើបមានអ្នកភូមិប្រទះឃើញ នៅពេលដឹកគោទៅស្រែ។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យហើយ ក្រោយមន្ត្រីជំនាញចុះពិនិត្យនិងធ្វើកំណត់ហេតុ៕