ក្រុង​បាត់ដំបង បើកពិធី​ប្រកួត​អុំទូក តំបន់​​កម្សាន្ត​ពីរ​ជា​គោលដៅ​​ទាក់ទាញ​​អ្នក​ទេសចរ

ខេត្តបាត់ដំបង បានត្រៀមខ្លួន​រួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ក្នុងថ្ងៃបុណ្យអុំទូកមកដល់នាថ្ងៃទី ២៨-២៩ តុលា ស្អែក​នេះ។
ការរៀបចំសម្រាប់ថ្ងៃបុណ្យប្រពៃណីជាតិឆ្នាំនេះ គេសង្កេតឃើញទីតាំង​សំខាន់ៗ ២ គោលដៅដែល​រំពឹង​នឹង​ទាក់ទាញ​អ្នក​ដើរកម្សាន្ត​​ច្រើន​​ក្នុង​នោះ​គោលដៅទី ១ នៅ​ប៉ែកខាងលិចនៃដងស្ទឹងសង្កែដែលមានវិមានឯករាជ្យ ទើប​តែ​សាងសង់រួចជាមេដែកឆក់ដ៏សំខាន់​មួយ រីឯគោលដៅទី ២ នៅប៉ែកខាងកើតប្របមាត់ស្ទឹងសង្កែ ដែលមានសម្រស់សួនច្បារសម្តេចក្រឡាហោម រួមមាន​តូបលក់សម្ភារជាហូរហែ ជាមួយសម្ភារនិងម្ហូបខ្មែរគ្រប់ប្រភេទដែលជាមេដែកឆក់ទី ២ សម្រាប់ឆក់យកកំណើនភ្ញៀវក្នុងនិងក្រៅស្រុក ដើរកម្សាន្តនឹងទិញសម្ភារជាអនុស្សាវរីយ៍ នឹងបរិភោគចំណីអាហារដែលជាស្នាដៃខ្មែរ តាមចិត្តដែលភ្ញៀវ​ត្រូវការទៅតាមតម្រូវការដោយគ្មានការខ្វះខាត។គោលដៅទាំង ២ ខាងលើនេះ ក្រោយពីរៀបចំរួចគេសង្កេតឃើញមានមនុស្សម្នាជាច្រើនមកកម្សាន្តទាំងមុនថ្ងៃបុណ្យជាតិចូលមកដល់នាថ្ងៃទី ២៨-២៩ ខែតុលា ពិសេសនៅពេលរាត្រី។ ទិដ្ឋភាពដែលបានរៀបចំក្នុងឆ្នាំនេះ​ទាំងមន្ត្រីនៃមន្ទីរជំនាញ និងមន្ត្រីរដ្ឋបាលខេត្តបានប្រាប់ថា មានសភាពអធិកអធម​ខណះថ្ងៃបុណ្យមិនទាន់ដល់ផងមនុស្សម្នាក្មេងចាស់ប្រុសស្រី សម្រុកមកលេងកម្សាន្តយ៉ាងច្រើនបង្ហាញយ៉ាងច្បាស់​ថា ពិធីបុណ្យអុំទូកឆ្នាំនេះប្រាកដជាមានកំណើនភ្ញៀវច្រើនណាស់មកទស្សាកម្សាន្ត ជាពិសេសគយគន់ វិមានឯករាជ្យ ដែលបង្ហាញខ្លួនយ៉ាងស្រស់បំព្រងនៅពេលរាត្រី។ មន្ត្រីដដែលបន្ត​ថា ដើម្បីលើកកម្ពស់សន្តិសុខទូទៅ ក៏ដូចជាគាំទ្រទៅដល់ពិធីបុណ្យអុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ នាថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជា​ឱ្យសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទាំងយប់និងថ្ងៃដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវមកកម្សាន្តប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា។
ពលរដ្ឋដែលបានមកកម្សាន្តមុនថ្ងៃបុណ្យឯណេះវិញបាន​លើកឡើងថា បានមើលឃើញ​ពី​ភាព​រីកចម្រើននៃការអភិវឌ្ឍក្នុង​ខេត្ត។ ក្នុងចំណោមនោះលោកស្រី ចាន់នី បានប្រាប់ថា លោកស្រីរំភើបចិត្តពេលមកអង្គុយបរិវេណវិមានឯករាជ្យមានអារម្មណ៍ថា លោកស្រីនិងក្រុមគ្រួសារដូចកំពុងអង្គុយនៅមុខវិមានឯករាជ្យ នៅរាជធានីភ្នំពេញអីចឹង​ដែរ។ លោកស្រីបន្តថា “ខ្ញុំគិតថាឆ្នាំនេះគឺមានភ្ញៀវមកកម្សាន្តច្រើនជាងឆ្នាំមុន ដូចលោកមន្ត្រីលើកឡើងដែរ ព្រោះខ្ញុំមើលឃើញ ហើយ​ចេះតែនឹកក្នុងចិត្តថា បច្ចុប្បន្នប្រទេសជាតិ​មានការរីកចម្រើន ជាពិសេស​កន្លែង​ដើរលេង​មានការ​រៀបចំ​បាន​ល្អ​មិនចាញ់​ប្រទេសជិតខាងប៉ុន្មាននោះទេ”៕

អត្ថបទដែលជាប់ទាក់ទង