ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១៣០ គ្រួសាររស់នៅខណ្ឌព្រែកព្នៅ ទទួលអំណោយសង្រ្គោះបន្ទាន់
នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា សហការជាមួយសាខា និងអនុសាខា ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាក ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១៣០គ្រួសារ រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំមកនូវព្រះរាជបន្ទូល និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ព្រះអង្គរទាំងទ្វេ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹក និងមនោសញ្ចេតនាជាប់ជានិច្ច ជាមួយប្រជានុរាស្ត្រកូនចៅ និងប្រជាពលរដ្ឋគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះលោកជំទាវ បានពាំនាំផ្តាំផ្ញើ នូវសារសុខភាពមួយចំនួន ជូនដល់បងប្អូនឱ្យចេះថែទាំសុខភាពឱ្យបានល្អ ជាពិសេសនៅក្នុងពេលមានទឹកជំនន់នេះ ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត កំចាត់ចោលនូវជម្រកសត្វមូសដែលមានជុំវិញផ្ទះ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះ មនុស្សចាស់ និងកុមារតូចៗ ជៀសវាងគ្រោះថ្នាក់កើតមានឡើងជាយថាហេតុ។ លើសពីនេះទៀតសូមចូលរួមសម្អាតបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ទាក់ទិននិងការផ្តល់អំណោយសង្រ្គោះបន្ទាន់នេះ លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា នៅក្នុងខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន ៧.៥១៦ គ្រួសារ (ក្នុងនោះថ្នាក់កណ្តាល បានឆ្លើយតបចំនួន ៦.២១០គ្រួសារ និងថ្នាក់សាខាឆ្លើយតបបាន ១.៣០៦គ្រួសារ) នៅតាមបណ្តារាជធានី-ខេត្តចំនួន ៩ រួមមាន រាជធានីភ្នំពេញ, ខេត្តពោធិ៍សាត់, ខេត្តកំពង់ស្ពឺ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកណ្តាល, ខេត្តព្រះវិហារ និងខេត្តតាកែវ។ សូមបញ្ជាក់ថា គ្រួសាររងគ្រោះ ដែលទទួលអំណោយនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែក ទឹកត្រី ៦ដប, ទឹកបរិសុទ្ធ ១កេស និងថវិកា ៣ម៉ឺនរៀល ជាអំណោយរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ៕ សម្រួលដោយ ទៀង បុណ្ណរី