មនុស្សប្រុស-ស្រីក្មេងចាស់៩នាក់ ពុលនំបញ្ចុកក្នុងកម្មវិធីបុណ្យសពគម្រប់ខួប៧ថ្ងៃ
ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុស-ស្រីក្មេងចាស់ចំនួន៩នាក់ បាននាំគ្នាពុលនំបញ្ចុកអំឡុងពេលទៅជូលរួមបុណ្យសពគម្រប់ខួប៧ថ្ងៃនៃការស្លាប់របស់អ្នកភូមិផងរបងជាមួយ ហើយបានទទួលទាននំបញ្ចុក ដែលម្ចាស់រៀបចំកម្មវិធីដាក់ទទួលភ្ញៀវដែលបានមកចូលរួមក្នុងពិធីនោះ កាលពីវេលាម៉ោង១១ៈ៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣…។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលពេញរោងបុណ្យដែលស្ថិតនៅភូមិតាំធ្នឹម ឃុំពេជ្រចង្វា ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ បើយោងតាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ចដែលបានចុះទៅពិនិត្យផ្ទាល់នៅមូលដ្ឋានខាងលើ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីពុលនំបញ្ចុក ដែលបណ្តាលឱ្យមនុស្សក្មេងចាស់ប្រុសស្រីចំនួន០៩នាក់ មានអាការក្អួតចង្អោរ ចុកពោះ និងវិលមុខនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលពេជ្រចង្វា រួមនិងលោកគ្រូអ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ បានចុះទៅត្រួតពិនិត្យមើលអាការរោគអ្នកជំងឺ និងបានហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្ដង ខណៈអ្នកជំងឺទាំងអស់បង្ហាញពីស្ថានភាពគ្រោះថ្នាក់។ ចំណែក លោក ចេង ចាន់ដូណា អភិបាលនៃគណៈអភិបាលស្រុកបរិបូរណ៍ បានបញ្ជាក់ឱ្យដឹងថា ករណីពុលនំបញ្ចុកនេះ គឺបណ្ដាលមកពីនំបញ្ចុក និងបន្លែស្រស់ ដែលបានកើតឡើងនៅក្នុងភូមិតាំធ្នឹម ឃុំពេជ្រចង្វា ក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃ នៃសពម្ដាយអ្នកភូមិតាំធ្នឹមម្នាក់ពិតប្រាកដមែន។ លោកបានបន្ដថា ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានបញ្ជូនជនរងគ្រោះតាមរថយន្តរបស់មន្ទីរពេទ្យ នាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ខណៈពេលពួកគាត់មានអាការតិចតួចនៅឡើយតែបើបណ្តោយ គឺអាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អ៊ីចឹងហើយ ភ្លាមៗអាជ្ញាធរមូលដ្ឋានបានរៀបចំបញ្ជូនពួកគាត់ៗភ្លាម បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ដែលលោកសូមកោតសរសើរពីស្មារតីទទួលខុសត្រូវខ្ពស់នេះ។ ទោះយ៉ាងណា មកដល់ម៉ោងនេះបងប្អូនដែលរងការពុលនំបញ្ចុកនោះ កំពុងស្ថិតក្នុងការព្យាបាលរបស់ក្រុមគ្រូពេទ្យស្រុកនៅឡើយទេ និងមិនមានបងប្អូនប្រជាពលរដ្ឋណាម្នាក់ មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ ជាមួយគ្នានេះដែរ លោកអភិបាលស្រុក និងអាជ្ញាធរសមត្ថកិច្ច បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានពិធីកិច្ចផ្សេងៗ សូមមានការប្រុងប្រយ័ត្នខ្ពស់លើអនាម័យចំណីអាហារ ព្រោះអំឡុងនៃពិធីបុណ្យទានផ្សេងៗ គឺច្បាស់ណាស់ថា នឹងមានមនុស្សចូលរួមច្រើន ដូច្នេះ បើយើងខ្វះការប្រុងប្រយ័ត្នលើការការពារអនាម័យឱ្យបានល្អ គឺអាចនឹងជួបគ្រោះថ្នាក់ជាយថាហេតុដូចករណីខាងលើនេះ ហើយវាក៏នឹងប៉ះពាល់ធ្ងន់ធ្ងរទៅដល់សុខុមាលភាពសាធារណជនក្នុងសហគមន៍របស់យើងផងដែរ…៕ សម្រួលដោយ ទៀង បុណ្ណរី