ស្ទើរស្រក់ទឹកភ្នែក បុរសពិការដៃ២នាក់បងប្អូនដាក់ម៉ងរកត្រីផងទិញអេតចាយផងដើម្បីក្រពះ
រាជធានីភ្នំពេញ ៖ ដរាបណានៅមានជីវិត រស់នៅលើភពផែនដីនេះ គឺនៅតែមានសង្ឃឹម។ តួយ៉ាងបុរស២នាក់ ដែលជាជនមានពិការភាព មិនដែលអស់សង្ឃឹមក្នុងឆាកជីវិតខ្លួនឯងឡើយ បើទោះបីជាលោកទាំងពីរ បានជួបរឿងមិនល្អជាច្រើនក្នុងជីវិត ក៏ដូចជាបទពិសោធន៍ជូរចត់ជាមួយនឹងការងារចំនួន៣កន្លងទៅក៏ដោយ។
ប្រាកដណាស់ អ្នកធ្លាប់បាក់ទឹកចិត្ត ធ្លាប់តូចចិត្តនឹងខ្លួនឯង មិនស្អាត មិនសង្ហា ឬគិតខ្លីពេលក្លាយខ្លួនជាជនមានពិការភាពនោះ លោកអ្នកអាចនឹងផ្លាស់ប្តូរការគិតមកជារឿងវិជ្ជមានវិញ នៅពេលលោកអ្នកមើលវីដេអូមួយនេះ ដោយមានបុរស២រូបជាបងប្អូនជីដូនមួយនឹងគ្នា និងជាជនមានពិការភាពដៃទាំងសងខាងផងនោះ ពិតជាគំរូដ៏ល្អសម្រាប់បងប្អូនយើងដែលមានពិការភាពផ្សេងទៀត។លោកទាំង២ ទោះបីជាដៃទាំងទ្វេពិការក៏ពិតមែន តែក៏មិនអាចធ្វើឱ្យលោកចុះចាញ់នឹងព្រហ្មលិខិតនោះដែរ។ តាមរយៈវីដេអូ ដែលយើងឃើញបុរសទាំង២នាក់ដើរទិញអេតចាយ ដើម្បីបានកម្រៃខ្លះៗ និងឆ្លៀតដាក់ម៉ងរកត្រី ដើម្បីតែក្រពះ ពិតជាពិបាកទប់ទឹកភ្នែកអាណិតគាត់ តែក៏មានមោទនភាពដែលបុរសទាំង២រូបនេះបានតស៊ូក្នុងឆាកជីវិត។តាមរយៈវីដេអូឃ្លីបធ្វើការបង្ហោះដោយបុរសទាំង២ ដែលពិការដៃទាំងសងខាងនោះ តែងតែបង្ហាញពីជីវិតតស៊ូរបស់ពួកលោក មិនចុះចាញ់នឹងជីវិត។ ហើយវីដេអូមួយនោះ ដែលទើបតែធ្វើការបង្ហោះថ្មីៗនេះ គឺពួកលោកហូបបាយដោយខ្លួនឯង ដោយបាយមួយថង់ចែករំលែកគ្នាហូប បញ្ចុកគ្នា និយាយទាំងអួលដើម.កថា «ឆ្ងាញ់» ទោះបីជាមានត្រឹមតែបាយមួយថង់ ប្រហុក និងត្រីមួយដុំក៏ដោយ»។ លោកបានរៀបរាប់ក្នុងវីដេអូនោះថា «មានតែម្ហូប និងបានប៉ុណ្ណឹង គឺច្រើនសម្រាប់ពួកលោក»។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក មួត វិចិត្រ ដែលជាបុរសមានពិការភាពម្នាក់ រស់នៅខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា «ជីវិតរបស់លោក និងបងប្រុសជីដូនមួយឈ្មោះ ឆាង សុដា ដែលពិការដៃនោះ គឺមិនមែនកើតមកពីធម្មជាតិនោះទេ»។ លោកបានរម្លឹកដល់ហេតុការណ៍ដែលបណ្តាលឱ្យរូបលោក និងបងប្រុសជីដូនមួយរបស់លោក ត្រូវបាត់បង់ដៃទាំងសងខាងនោះ គឺដោយសារមូលហេតុឆ.ក់ខ្សែភ្លើង។ ក្រោយបាត់បង់ដៃទាំងគូរ ដំបូងៗឡើយ គឺពិតជាលលំបាក ដោយគ្រួសារបានពើបប្រទះនៅការខ្វះខាត ហើយខ្លួនបែរជាធ្លាក់ខ្លួនពិការទៀត»។