សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាគ្មានប្រទេសណាមួយចង់បានភាពអសន្ដិសុខក្នុងប្រទេសនោះទេ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាគ្មានប្រទេសណាមួយចង់បានភាពអសន្ដិសុខក្នុងប្រទេសនោះទេ។
ជាមួយគ្នានេះ សម្ដេចធិបតី បានអរគុណប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមអនុវត្តសិទ្ធិសេរីភាពបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសុខសន្តិភាពតទៅទៀត ដើម្បីការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១២ ០៦០នាក់ នៅតាមបណ្តារោងចក្រសហគ្រាសដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២ ៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតីបានមានប្រសាសន៍ថា មានតែការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញទេដែលជាមធ្យោបាយល្អបំផុតក្នុងការជ្រើសរើសមេដឹកនាំប្រទេសមិនមែនផ្លាស់ប្តូរតាមការអំពាវនាវ ឬផ្តួលរំលំនោះឡើយ។សម្ដេចធិបតី បានមានប្រសាសន៍ទៀតថានៅប្រទេសប្រជាធិបតេយ្យខ្លះ អត់ទៅបោះឆ្នោតគឺខុសច្បាប់ប៉ុន្តែនៅកម្ពុជាពុំបានចាប់ទោសទណ្ឌបងប្អូនដែលពុំបានទៅបោះឆ្នោតឡើយ។ការចេញទៅបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋគឺប្រព្រឹត្តិទៅដោយរលូន៕