ពិការ​មែនពិតតែ​អ៊ំប្រុស​ម្នាក់​មិន​មើល​នឹង​ភ្នែកទេសុខចិត្តរំកិល​រទេះ​ទាំង​ភ្លៀង​សស្រាក់ ឱន​កាយ​សំរាម​យ៉ាង​លំបាកលំ​បិនដើម្បីកុំឲ្យ​ស្ទះលូ

ថ្មីៗនេះ វីដេអូឃ្លីបខ្លីមួយ បានកំពុងទទួលចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម គឺដោយសារតែវីដេអូនេះ បានបង្ហាញពីទង្វើដ៏ល្អមិននឹកស្មានដល់​របស់បុរសជាជនពិការជើងវ័យចំណាស់ម្នាក់ ដែលបានលះបង់ទឹកចិត្ត ទាំងភ្លៀងធ្លាក់មកយ៉ាងសស្រាក់ស្រស្រាំ រំកិលរទេះចូលទៅកាយសំរាមដែលជាប់គាំងនៅមាត់លូយ៉ាងលំបាកលំបិន ក្នុងគោលបំណងដើម្បីកុំឲ្យស្ទះទឹក ដែលឃើញហើយពិតមិនសរសើរពីទឹកចិត្តដ៏ល្អថ្លៃថ្លារបស់គាត់ពុំបានឡើយ។
យ៉ាងណាមិញ សកម្មភាពទាំងស្រុងដ៏គួរឲ្យគោរព និងកោតសរសើរនេះ ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ «Lay Puthy» ថតយកបង្ហោះចែករំលែកឲ្យមហាជនបានឃើញ កាលពីព្រឹកមិញនេះ (ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣) អមជាមួយសំណេររៀបរាប់ដ៏មានអត្ថន័យថា៖ «តម្លៃរបស់មនុស្ស មិនថិតលើខោ អាវថ្លៃ ឡានថ្លៃ របស់ប្រេនៗទាំងអស់នោះទេ តែវាថិតលើទង្វើរ ចរិក ភាពសុច្ចចរិត ទៀងត្រង់ មិនបំពានរបស់ទ្រព្យអ្នកដទៃ។ សូមសាងអ្វីដែលល្អដោយចាប់ផ្ដើមពីខ្លួនយើងទៅ។ សំទោសផងពូ ដែលបានបង្ហោះដោយមិនបានអនុញ្ញាត»។
ទិដ្ឋភាពនៃរូបភាពនេះ ត្រូវបានម្ចាស់គណនីខាងលើ បានបញ្ជាក់ឲ្យដឹងថា បានកើតឡើងនៅខាងនៅក្រោយមន្ទីរសុខាភិបាលខេត្តកណ្ដាល ខណៈភ្លៀងធ្លាក់ខ្លាំងទាំងព្រឹកព្រលឹម។ដោយឡែក នៅពេលមានគេសួរថា បន្ទាប់ពីបានលួចថតគាត់ហើយ តើមានចិត្តបានចុះទៅជួយរុញគាត់ជ្រកភ្លៀងទេ ម្ចាស់គណនីខាងលើក៏បានប្រាប់ថា មិនបានជួយរុញទេ ដោយសារនៅពេលនោះ គាត់ស្ថិតនៅខាងលើអគារប្រជុំ ប៉ុន្តែពេលចេញទៅបន្ទប់ទឹក ក៏ឃើញគាត់ហើយពិតជាខ្មាស នូវទង្វើរដ៏ល្អរបស់គាត់ ដែលយើងជើងជាមនុស្សមានស្មាររឹងប៉ឹងល្អ តែមិនអាចលះបង់ដូចគាត់បាន។ ហើយគាត់គ្រាន់តែចង់បង្ហាញថា មនុស្សយើងម្នាក់បើមានចិត្តគំនិតដូចគាត់ ប្រហែលជាសង្គមយើងកាន់តែប្រសើរយ៉ាងណានោះទេ!៕

អត្ថបទដែលជាប់ទាក់ទង