ពលរដ្ឋ​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព​មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ព្រោះ​ទឹក​ស្រក​មិន​ទាន់អស់​

ខេត្តបន្ទាយមានជ័យ ៖ ទោះបីជា​ទឹកជំនន់ ត្រូវ​បាន​ស្រក​ក៏​ពិតមែន ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ជម្លៀស​ទៅ​កាន់​ទួល​សុវត្ថិភាព​នោះ នៅ​មិន​ទាន់​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​វិញ​នៅឡើយ​ទេ ព្រោះតែ​ទឹក​មិន​ទាន់​ស្រក​អស់ នេះ​បើ​គិត​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​ខេត្តបន្ទាយមានជ័យ​។  គួរ​បញ្ជាក់​ថា នៅ​ខេត្តបន្ទាយមានជ័យ គឺ​មានស្រុក​-​ក្រុង​ចំនួន​២ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់ ក្នុង​នោះ​មានស្រុក​មង្គល​បូ​រី រង​ផល​ប៉ះពាល់​រហូត​ដល់​ចំនួន​៩៧​ភូមិ មាន​ប្រជាពលរដ្ឋ​លិចលង់​ចំនួន​៤,០៧១​គ្រួសារ ស្មើនឹង​មនុស្ស​រាយ​ចំនួន​១៧,៥០៨​នាក់ (​ស្រី​ចំនួន​៨,៩៤៧​នាក់​) ហើយ​ពលរដ្ឋ​ត្រូវ​ជម្លៀស​ចេញ​រក​ទីទួល​សុវត្ថិភាព​ចំនួន​១៤១​គ្រួសារ ស្មើនឹង​មនុស្ស​រាយ​ចំនួន​៥៥៥​នាក់ (​ស្រី​ចំនួន​២៨០​នាក់ និង​កុមារ​ចំនួន​១១២​នាក់​)​។  ចំណែក​ក្រុង​សិរី​សោភ័ណ​វិញ រង​ផល​ប៉ះពាល់​ចំនួន​២៦​ភូមិ មាន​ប្រជាពលរដ្ឋ​លិចលង់​ចំនួន​១,០១០​គ្រួសារ ស្មើនឹង​៩៧២​ខ្នង​ផ្ទះ ដែល​មាន​មនុស្ស​រាយ​ចំនួន​៤,១០៧​នាក់ (​ស្រី​ចំនួន​២,១០៩​នាក់​) ហើយ​ពលរដ្ឋ​ត្រូវ​ជម្លៀស​ចេញ​រក​ទីទួល​សុវត្ថិភាព មាន​ចំនួន​៩១​គ្រួសារ ស្មើនឹង​ចំនួន​៤១៦​នាក់ (​ស្ត្រី​ចំនួន​២១៩​នាក់ និង​កុមារ​ចំនួន​៤៤១​នាក់​)​។   មន្ត្រី​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ ស្ថានភាព​ទឹក​នៅ​ខេត្តបន្ទាយមានជ័យ ដែល​លិចលង់​ខ្លាំង​ជាងគេ គឺ​មានស្រុក​មង្គល​បូ​រី និង​ក្រុង​សិរី​សោភ័ណ​។ ហើយ​ទឹកជំនន់​ក៏​បាន​ស្រក​ជា​បណ្តើ​រហើយ គ្រាន់តែ​ស្រក​យឺត​ៗ ប៉ុន្តែ​ស្ថានភាព​ទឹកជំនន់ គឺ​ពេល​ស្រក​ផ្នែក​ខាងលើ មក​លិច​នៅ​ផ្នែក​ខាងក្រោយ តែ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​មុន​ៗ​ឡើយ​៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង