អាជ្ញាធរ សម្រេចបិទចរាចរលើកំណាត់ផ្លូវ១០៤ ក្រោយទឹកស្ទឹងព្រែកត្នោតហូរកាត់

អាជ្ញាធរខណ្ឌដង្កោ បានសម្រេចបិទលំហូរចរាចរលើកំណាត់ផ្លូវលេខ១០៤ ដោយ​គិត​ចាប់​ពី​កែងផ្លូវ​ក្រវាត់ក្រុងទី៣ រហូតដល់ព្រុំប្រទល់ នៃខេត្តកណ្តាល ដោយសារ​តែស្ថានភាព​ផ្លូវ​ត្រូវ​ទឹក​ស្ទឹង​ព្រែក​ត្នោត​ហក់ឡើងខ្លាំងរហូតហូរកាត់ ។  ផ្លូវខាងលើ គឺស្ថិតនៅក្បែរប្របនឹងសណ្តរស្ទឹង ដោយអាជ្ញាធរ​បិទ​លំហូរ​ចរាចរណ៍​ប្រមាណ​២​ជាង​គីឡូម៉ែត្រ ដោយក្នុងនោះ មានការអនុញ្ញាត្តិឱ្យឆ្លងកាត់តែសម្រាប់ម៉ូតូតែប៉ុណ្ណោះ ក្រៅពី​នោះ​គ្រប់​យានយន្ត​គ្រប់ប្រភេទ គឺត្រូវបានហាមឃាត់ ដោយតម្រូវឱ្យធ្វើដំណើរវៀងទៅផ្លូវផ្សេង លើក​លែង​តែ​ម្ចាស់​យានយន្ត​ទាំង​ឡាយ​ណា​ដែល​ជា​ពលរដ្ឋ​រស់​នៅ​ក្បែរ​តំបន់​រង​គ្រោះ​នោះ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើដំណើរចូល ។ ពលរដ្ឋរស់នៅលើដងផ្លូវលេខ១០៤ខាងលើ បានប្រាប់ ឱ្យដឹងថា ស្ថានភាពទឹកស្ទឹង បាន​ឡើង​ហូរ​កាត់​ដងផ្លូវតាំងពីវេលាល្ងាចថ្ងៃទី២០ តុលា ម្សិលមិញមកម្លេះ ប៉ុន្តែហូរឡើង​តិច​តួច​ប៉ុណ្ណោះ ​ទើបតែវេលាយប់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២១នេះ ទឹកស្ទឹង​បាន​ហូរ​ឡើង​លើ​ដង​ផ្លូវ​ខ្លាំង រហូតហូរចូលដល់តាមលំនៅឋានរបស់ពួកគាត់ ផងដែរ ។  សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ លំនៅ​ឋាន​ពលរដ្ឋ​ជាង​១៦០០​ខ្នង​ផ្ទះ​ហើយ​ ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវទទួលរងនូវការជន់លិចពីទឹកស្ទឹងព្រែកត្នោត ។ ដោយ​ក្នុង​នោះ​ ទឹកស្ទឹងបានបង្កផលប៉ះពាល់ដល់ភូមិចំនួន៣៣ភូមិ ក្នុងសង្កាត់ចំនួន០៩ ដោយ​មាន​ពលរដ្ឋ​រង​គ្រោះ​សរុប ៦៩៣៣នាក់ ។  ក្រៅពីលំនៅឋានរបស់ប្រជាពលរដ្ឋដែលត្រូវទទួលរងគ្រោះហើយនោះ ក្នុងនោះក៏មាន ផ្លូវ១៩ខ្សែ , សាលារៀនចំនួន០៤ , វត្តអារាមចំនួន០៤ , សាលាសង្កាត់ចំនួន០៤ , ប៉ុស្តិ៍នគរបាលចំនួន០៣ និង មណ្ឌលសុខភាពចំនួន០២ ក៏ត្រូវបានទទួល​រង​នូវ​ការ​ជន់​លិច​ដោយ​សារ​ទឹក​ស្ទឹង​ព្រែក​ត្នោត​ផង​ដែរ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង