រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀង អនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាលំអិតបន្ថែម លើគម្រោងព្រែកជីកហ្វូណនតេជោ ដែលទំនងជានឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ខាងមុខនេះ
គម្រោងព្រែកជីកហ្វូណនតេជោ ទំនងជានឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចិនសិក្សាលើគម្រោងនេះ ដែលជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀង អនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាលំអិតបន្ថែមលើគម្រោងមួយនេះ មុនឈានដល់ការចរចា ឈានទៅចុះកិច្ចព្រមព្រៀងសាងសង់ ដែលជាដំណាក់កាលចុងក្រោយ។ ពិធីចុះហត្ថលេខាអនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាលំអិតទៅលើគម្រោងដ៏មានសារៈសំខាន់ខាងលើនេះ ត្រូវបានធ្វើឡើងនៅ រដ្ឋធានីប៉េកាំង ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងត្រូវបានចុះហត្ថលេខារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ការចុះហត្ថលេខានេះ គឺជាការបើកផ្លូវឱ្យក្រុមហ៊ុន CRBC សិក្សាលំអិតលើគម្រោងនេះក្នុងរយៈពេល ៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង។ ឯកឧត្តម បានចាត់ទុកការចុះហត្ថលេខានេះ ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិតទៀត លើគម្រោងដឹកជញ្ជូនតាមផ្លូវដឹកដ៏ធំរបស់កម្ពុជា។ ហើយរំពឹងថា គម្រោងខាងលើ អាចនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៤ បើមិនមានអ្វីប្រែប្រួលទេនោះ។ គម្រោង «ព្រែកជីក ហ្វូណនតេជោ» ធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់ សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាន និងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។ តាមការសិក្សាបានបង្ហាញថា ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង, សាងសង់ស្ពាន ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ, និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗ ទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១.៧០០លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕ សម្រួលដោយ ទៀង បុណ្ណរី