មន្ត្រី​ជលផល​និង​សហ​គម​ន៍​​នេសាទ​ចុះ​កម្ទេច​​បទ​​ល្មើស​ ​តែ​រក​ម្ចាស់​​​មិនឃើញ

ខេត្តបាត់ដំបង​ ៖ មន្ត្រី​ជលផល​ និង​សហ​គម​ន៍​​នេសាទ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​មួយ​កន្លែង​ដោយ​បាន​កាប់​បំផ្លាញ​ចោល​សាច់​អួន​ប្រវែង​ជិត​១០០០​ម៉ែត្រ កាលពី​ថ្ងៃ​ទី​១៨ តុលា នៅ​តំបន់​ទន្លេសាប ក្នុងភូមិ​សាស្ត្រ ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ តែ​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​បទល្មើស​ទេ​។  សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជលផល​ និង​សហ​គម​ន៍​​នេសាទ​ប្រមាណ​១០​នាក់ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ដោយ​បាន​កាប់​បំផ្លាញ​ចោល​នូវ​សម្ភារ​បទល្មើស​នេសាទ តែ​គេ​មិន​ស្កាល់​ម្ចាស់​បទល្មើស​ទេ​។  បើ​តាម​របាយ​ការ​ណ៍​បទល្មើស​នេសាទ​ដែល​ត្រូវ​មន្ត្រី​ជលផល​បង្ក្រាប និង​បាន​កាប់​បំផ្លាញ​ចោល​រួម​មាន​៖ សាច់​អួន​ប្រវែង​៩០០​ម៉ែត្រ បង្គោល​ឈើ​ចំនួន​២២០​ដើម ឡុ​ក​ចាប់​ត្រី​ចំនួន​០៤ និង​ព្រ​លែង​កូន​ត្រី​វិញ​ជា​ច្រើន​គីឡូក្រាម តែ​របាយ​ការ​ណ៍​​មិន​បាន​ផ្ដល់​អត្តសញ្ញាណ​ម្ចាស់​បទល្មើស​ទេ​។  ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នេះ បើ​តាម​ប្រភព​ពី​សហ​គម​ន៍​​នេសាទ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ជា​រដូវ​ទឹក​ឡើង​ខ្លាំង ហើយ​បទល្មើស​នេសាទ​ក៏​សំបូរ​ស្អេកស្កះ​ដែរ មាន​ស្ទើរ​គ្រប់​ទីកន្លែង នៅ​តំបន់​ទន្លេសាប​ ។ បទល្មើស​ដែល​កំពុង​កើត​មាន​ច្រើន​នៅ​ពេល​នេះ គឺ​ការ​ដាក់​ពង្រាយ​«​បរ​ណ​រ៉ាវ​» ស្ទាក់​ចាប់​ត្រី​ដែល​មាន​ប្រវែង​រាប់​ពាន់​ម៉ែត្រ នៅ​តាម​តំបន់​ព្រៃ​លិច​ទឹក ​។   ​ប្រជា​សហ​គម​ន៍​​បាន​បញ្ជាក់​ថា បទល្មើស​ប្រភេទ​នេះ ត្រូវ​បាន​ជនល្មើស​ចាប់ផ្ដើម​កាប់​ឆ្ការ​ព្រៃ​រនាម​នៅ​រដូវប្រាំង រួច​ពង្រាយ​សាច់​មង​ដែល​ច្បាប់​ហាមឃាត់​ពាសពេញ​ព្រៃ​តែ​ម្ដង ​។ បើ​តាម​ប្រជាពលរដ្ឋ​នៅ​តំបន់​ទន្លេសាប​បាន​បញ្ជាក់​ថា បច្ចុប្បន្ន បទល្មើស​ប្រភេទ​នេះ កំពុង​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង នៅ​តំប​ន៊់​ទន្លេសាប តែ​កម្លាំង​សមត្ថកិច្ច​ក៏​ហាក់​ប្រឹងប្រែង​ចុះ​បង្ក្រាប​យ៉ាង​សកម្ម​ដែរ ប៉ុន្តែ​បង្ក្រាប​បាន​តែ​ឧ​បករ​ណ៍​ ឬ​សម្ភារ​បទល្មើស ។  រីឯ​ជន​ប្រព្រឹត្ត​បទល្មើស​មិន​ដែល​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ទេ​កន្លង​មក​សូ​ម្បី​តែ​ម្នាក់ ​៕ ​ សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង