ទឹកជំនន់​ជន់​លិច​ផ្ទះ​ជិត​៥​ពាន់​គ្រួសារ និង​ជម្លៀស​​២៣២​គ្រួសារ​ទៅ​កាន់​ទីទួល​សុវត្ថិភាព

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ មានស្រុក​-​ក្រុង​ចំនួន​២ នៅ​តែ​បន្ត​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ជន់​លិច​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​គ្រួសារ និង​ត្រូវ​ជម្លៀស​ចំនួន​២៣២​គ្រួសារ​ទៅ​កាន់​ទីទួល​សុវត្ថិភាព នេះ​បើ​គិត​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៣​នេះ​។  លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ស្រុក​មង្គល​បូ​រី រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​លិចលង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ និង​ដំណាំ​កសិកម្ម​មាន​ចំនួន​៨១​ភូមិ ស្មើនឹង​៣,៦៨១​គ្រួសារ និង​មនុស្ស​រាយ​ចំនួន​១៦,០១៩​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៨,១៥៦​នាក់ ដែល​លិចលង់​ទាំងស្រុង​ស្មើនឹង​ចំនួន​៥៥៥​នាក់ ក្នុង​ស្រី​២៨០​នាក់ និង​កុមារ​១១២​នាក់​។ ហើយ​ជម្លៀស​ពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព​ចំនួន​១៤១​គ្រួសារ ព្រមទាំង​លិច​ស្រូវ​ចំនួន​៣,១៤៦​ហិ​កតា និង​លិច​ផ្លូវ​៩០​ខ្សែ ដែល​មាន​ប្រវែង​៧៣,២៩៤​ម៉ែត្រ​។   បើ​តាម​លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ចំពោះ​ក្រុង​សិរី​សោភ័ណ​វិញ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​លិចលង់​ផ្ទះសម្បែង​ពលរដ្ឋ និង​ដំណាំ​កសិកម្ម មាន​២៦​ភូមិ ដែល​មាន​ពលរដ្ឋ​ចំនួន​១,០១០​គ្រួសារ ស្មើនឹង​៩៧២​ខ្នង​ផ្ទះ និង​មនុស្ស​រាយ​ចំ​នយន​៤,១០៧​នាក់ ក្នុង​នោះ​ស្រី​ចំនួន​២,១០៩​នាក់ ដែល​លិចលង់​ទាំងស្រុង​ស្មើនឹង​៤១៦​នាក់ ក្នុង​នោះ​ស្រី​២១៩​នាក់ និង​ជម្លៀស​ពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព​ចំនួន​៩១​គ្រួសារ ព្រមទាំង​លិច​ស្រូវ​ចំនួន​៤៤១​ហិ​កតា និង​លិច​ផ្លូវ​៦៦​ខ្សែ ដែល​មាន​ប្រវែង​៣៣,៦១៩​ម៉ែត្រ​។  លោក ឡាយ សុធី អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នៅ​ខេត្តបន្ទាយមានជ័យ មាន​២​ស្រុក​-​ក្រុង​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ចំណែក​ស្រុក​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ គឺ​ស្រុក​មង្គល​បូ​រី​។ ហើយ​ពេល​នេះ ទឹក​នៅ​ផ្នែក​ខាងលើ​បាន​ស្រក​ជា​បណ្តើរ​ៗ​ហើយ គឺ​នៅ​ឃុំ​សឿ ឃុំ​ចំណោម ប៉ុន្តែ​ទឹក​កំពុង​តែ​ស្រុង​មក​លិច​ឃុំ​រហាត់ទឹក និង​ឃុំ​បត់​ត្រង់​វិញ​ម្ដង​។ រីឯ​នៅ​ក្រុង​សិរី​សោភ័ណ​វិញ ស្ថានភាព​ទឹក​ស្រក​បន្តិច​ដែរ ប៉ុន្តែ​ទឹក​កំពុង​តែ​លិច​បន្ត​ទៅ​ផ្នែក​ខាងក្រោម ដែល​កំពុង​តែ​លិចលង់​ជា​បណ្តើរ​ៗ​ហើយ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង