ដេញបង្រ្កាបចាប់បានបទល្មើសជិះទូកឆក់ត្រីចំនួន១គ្រឿងបញ្ជូនមកកាន់ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង
មន្ត្រីសហគមន៍នេសាទបានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី 11 ខែមេសា ឆ្នាំ 2021 នេះថា ពួកគេបានសហការចុះបង្ក្រាបបទល្មើសឆក់ត្រី បានប្រើប្រាស់ឧបករណ៍ខុសច្បាប់ រួចបានធ្វើការរឹបអូសយកបានទូកស្មាច់ចំនួនមួយគ្រឿង កាលពីវេលាម៉ោង 3 រសៀលថ្ងៃទី 10 ខែមេសាម្សិលមិញនេះ នៅត្រង់ចំណុច កន្ទុយកោះហិប ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាមការបញ្ជាក់ពីមន្ត្រីសហគមន៍នេសាទបានប្រាន់ឲ្យដឹងបន្តថា ខណៈពេលពួកគាត់បានបើកទូកប្រដេញស្ទាក់ចាប់ទៅនោះជនដែលបានប្រព្រឹត្តបទល្មើស គេបានក្រឡេក មើលឃើញទូករបស់សហគមន៍កំពុងបើកដេញស្ទាក់ចាប់នោះ ក៏ពួកគេបានបើកទូករត់ រួចក៏បានឈប់ចតទុកទូកចោល ក៏រត់គេចខ្លួនបាត់ស្រមោល។ក្នុងករណីចុះបង្ក្រាបបទល្មើសឆក់ត្រីខាងលើនោះ ខាងមន្ត្រីសហគមន៍ក៏បានដកហូតវត្ថុតាង មានដូចជាទូកស្មាច់មួយគ្រឿង ម៉ាស៊ីនហ៊ីណូតា 7 សេះមួយគ្រឿង ឧបករណ៍ឆក់ត្រជាក់មួយគ្រឿង បន្ទាប់មកបញ្ជូនមកឲ្យជំនាញរដ្ឋបាលជលផលខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
លោក វង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកមានការត្រេកអរ ហើយក៏ធ្វើការស្វាគមន៍និងកោតសរសើរចំពោះសកម្មភាពរបស់គណៈកម្មការសហគមន៍នេសាទដែលសហការគ្នាធ្វើការងារបានយ៉ាងល្អ ក្នុងការចុះបង្ក្រាបបទល្មើសនេសាទដោយប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ នៅតាមដងទន្លេ ហើយក៏ទទួលបានដោយផលវិជ្ជមានជាបន្តបន្ទាប់។ ហើយក៏មានការលើកទឹកចិត្តផងដែរ ពីលោ កវង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត បានជួយឧបត្ថម្ភជាទឹកប្រាក់មួយចំនួនទៅដល់ក្រុមសហគមន៍ដែលបានខិតខំប្រឹងប្រែងបំពេញការងារនិងតួរនាទីរបស់ខ្លួន ៕
(ពុទ្ធា ស្ទឹងត្រែង)