បុរស​ម្នាក់​ដួល​ម៉ូតូ​របួសធ្ងន់ ក្រោយ​ភ័យ​ស្លន់​ពេល​ឃើញ​ជន​ស៊ី​វិល​២​នាក់​ដេញ​តាម​ពីក្រោយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​រង​របួសធ្ងន់​បែក​មុខ​ខ្ទេច ខណៈ​​ពេល​ជិះ​ម៉ូតូ​រត់គេច​ពី​ជន​ស៊ី​វិល​២​នាក់ រហូត​ដួល​ម៉ូតូ​ជ្រុះ​ថ្នាំ​ញៀ​ន​១​កញ្ចប់​តូច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។  យោង​តាម​ប្រភព​ព័ត៌មាន បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម​លាយ​ខ្មៅ ដោយ​ជិះ​ទៅ​ក្រោយ​វត្ត​ចាស់ ម្តុំ​ជ្រោយចង្វារ​។ ភ្លាម​ៗ​នោះ គេ​ក៏​ស្រាប់តែ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ស្លៀកពាក់​ស៊ី​វិល បាន​ធ្វើ​សកម្មភាព​ជិះ​ដេញ​តាម​ពីក្រោយ​បុរស​រូប​នោះ ធ្វើ​ឲ្យ​បុរស​រូប​នោះ​ខាងលើ​ដឹងខ្លួន​មុន​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ចេញពី​វត្ត​ចាស់ រហូត​ដល់​ក្បែរ​សាលា​ន័​រ​តុ​ន ស្ថិត​នៅ​លើ​ផ្លូវ​កែវ​ចិន្តា​។  នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា បន្ទាប់​មក​បុរស​រូប​នោះ​ក៏​បត់​ចូល​ផ្លូវ​បេតុង​មួយ​កន្លែង ប៉ុន្តែ​ដោយសារ​តែ​ភ័យ​ស្លន់ស្លោរ​ពេក ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុ​.​ក​សសរផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បែក​មុខ​ខ្ទេច​រង​របួសធ្ងន់​តែ​ម្ដង​។ ខណៈ​ពេល​ឃើញ​សភាព​បុរស​រូប​នោះ​បែប​នេះ ជន​ស៊ី​វិល​ទាំង​២​នាក់ ក៏​បើក​ម៉ូតូ​ចេញពី​ទីតាំង​កើតហេតុ​បាត់​តែ​ម្តង​ទៅ​។ ក្រោយ​ពេល​ជួប​គ្រោះថ្នាក់ នៅ​ក្បែរ​ខ្លួន​របស់​បុរស​រូប​នោះ គេ​បាន​ប្រទះ​ឃើញ​ម្សៅ​ក្រាម​.​ស​ថ្លា​១​កញ្ចប់​តូច ក្នុង​នោះ​មាន​គ្រឿង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ទៀត​ដូច​ជា ដែកកេះ និង​កែវ​សម្រាប់​ជក់​ថ្នាំ និង​បំពង់​បឺត​ផង​ដែរ​។   ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​វាស់វែង រួច​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ដើម្បី​រង់ចាំ​ម្ចាស់​ម៉ូតូ​មក​ទទួល​នៅ​ពេល​ក្រោយ​។ ចំណែក​បុរស​ដែល​ដួល​ម៉ូតូ​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ផង​ដែរ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង