ប្រេងសាំងពិភពលោកឡើងថ្លៃ ដោយសារការប្រយុទ្ធគ្នារវាង ក្រុមហាម៉ាស់ និងអ៊ីស្រាអែល
តម្លៃប្រេងបានកើនឡើងច្រើនជាង ៤ ដុល្លារក្នុងមួយបារ៉ែល នៅក្នុងការជួញដូរកាលពីថ្ងៃចន្ទ ដោយសារតែការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនមកលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលជាហេតុធ្វើឲ្យមានភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅទូទាំងមជ្ឈឹមបូព៌ា ។ ប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ៤.១៨ ដុល្លារ និងដាក់លក់ក្នុងតម្លៃ ៨៨.៧៦ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអន្តរជាតិរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) មានតម្លៃ ៨៧.០២ ដុល្លារក្នុងមួយបារ៉ែល ដោយកើនឡើង ៤.២៣ ដុល្លារ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកវិភាគមកពីធនាគារ ANZ បាននិយាយថា ការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ធ្វើឲ្យមានការប៉ះពាល់ និងការប្រែប្រួលតម្លៃប្រេងកាន់តែកើនឡើងខ្ពស់ ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា បានសម្លាប់មនុស្សជាង ១,៥០០ នាក់ និងរបួសជាង ២,០០០ នាក់ផងដែរ ៕ សម្រួលដោយ ទៀង បុណ្ណរី