ថៃ ​បញ្ជូនកងទ័ពអាកាសទៅដឹកប្រជាជនខ្លួនជាង ១ពាន់នាក់ពីអ៊ីស្រាអែល

រដ្ឋាភិបាល​ថៃ​ បញ្ជូន​កងកម្លាំង​នៃ​កងទ័ពអាកាស​​ចេញទៅ​ដឹក​ប្រជាជនរបស់ខ្លួនជាង ១,០០០នាក់ចេញ​ពី​ប្រទេស​អ៊ីស្រាអែល ដែល​កំពុង​ធ្វើសង្គ្រាម​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​របស់​ប្រទេស​ប៉ា​ឡេ​ស្ទីន​។  អនុរដ្ឋមន្ត្រីការបរទេសថៃ បាននិយាយនៅថ្ងៃចន្ទ ទី៩ ខែតុលា ថា ប្រទេសថៃកំពុងធ្វើការជាមួយប្រទេសហ្ស៊កដានី អេហ្ស៊ីប និងម៉ាឡេស៊ី ដើម្បីទទួលបានការដោះលែងពលរដ្ឋរបស់ខ្លួនដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង​ អំឡុងពេលមានចលាចលក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលពលករចំណាកស្រុកថៃជាង ១,០០០នាក់ដែលជាប់ក្នុងជម្លោះកំពុងចង់វិលត្រឡប់មកប្រទេសវិញ។  រដ្ឋាភិបាលថៃបាននិយាយថា ជនជាតិថៃ ២នាក់ត្រូវបានសម្លាប់ ៩នាក់បានរងរបួស និង ១១នាក់ទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង ក្នុងការប្រយុទ្ធរវាងសកម្មប្រយុទ្ធហាម៉ាស់ នៅឯតំបន់ហ្គាហ្សា។ នៅក្នុងការវាយឆ្មក់នេះ ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ៧០០នាក់វបានស្លាប់ និងមនុស្សរាប់សិបនាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។  លោក Jakkapong Sangmanee អនុរដ្ឋមន្ត្រីការបរទេសថៃ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ពេលនេះជនជាតិថៃប្រហែល ១,៤០០នាក់បានចុះឈ្មោះដើម្បីត្រៀមជម្លៀសចេញពីអ៊ីស្រាអែល។ ក្រៅពីពលករដែលត្រៀមជម្លៀសចេញ ជនជាតិថៃប្រហែល ៣ម៉ឺននាក់ ដែលធ្វើការក្នុងប្រទេសអ៊ីស្រាអែល កំពុងស្ថិតក្នុងគ្រោះថ្នាក់ និងចង់វិលត្រឡប់មកទឹកដីកំណើតវិញ។មន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសថៃ មានយន្តហោះពីរគ្រឿងកំពុងរង់ចាំសម្រាប់ជើងហោះហើរជម្លៀស រួមជាមួយនឹងក្រុមគ្រូពេទ្យ ហើយក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសនេះក៏អាចបញ្ជូនឱ្យទៅជួយផងដែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង