កាន់តែបារម្ភ! កុមារីអាយុ២ឆ្នាំម្នាក់ទៀតនៅខេត្តព្រៃវែង ស្លា.ប់ដោយជំងឺផ្តាសាយបក្សី

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ​អេជ៥អិន១ (H5N1) មួយករណីទៀតហើយ កើតលើកុមារីអាយុ២ឆ្នាំម្នាក់ដែលបានស្លាប់ នៅក្នុងភូមិឆ្មាលោត ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។    ក្រសួងសុខាភិបាលគូសបញ្ជាក់ដូច្នេះថា៖«តាមការសាកសួរ បង្ហាញថានៅផ្ទះកុមារមានមាន់ងាប់ជាហូរហែរ»។ ករណីស្លាប់កុមារីអាយុ២ឆ្នាំនាពេលនេះ គឺជាករណីផ្តាសាយបក្សីទី៥៩ (ស្លាប់៤០នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣ផងដែរ។ ជុំវិញករណីនេះ​​ នៅយប់ថ្ងៃទី៩តុលាមិ្សលមិញ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបាននិងកំពុងអង្កេតស្រាវជ្រាវ នៃការកើតឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ដ្រ​ ពិធីសាររបស់ជាតិបានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស បន្តស្វែងរកករណីសង្ស័យអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាមីស្លូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។  ជាមួយគ្នានោះ ក្រសួងក្រើនរំលឹកសាជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី (H5N1) នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ គួរដឹងដែរថា ជំងឺផ្ដាសាយបក្សី (H5N1) គឺជាជំងឺផ្តាសាយមួយជាធម្មតាវាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្សប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។ ចំពោះវិធានការបង្ការត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅកុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង