រដ្ឋបាលរាជធានីណែនាំខណ្ឌទាំង ១៤ ត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារហានិភ័យទឹកជំនន់
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ នេះ បានធ្វើការណែនាំខណ្ឌទាំង ១៤ ត្រៀមខ្លួនក្នុងការចុលលរួមបង្កា និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយគ្រោះទឹកជំនន់នៃទន្លេ ស្ទឹង និងទឹកជំនន់ដោយទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំខណ្ឌទាំង ១៤ កំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ ជានឹងការរៀបចំបង្គន់អនាម័យ ទឹកស្អាត និង អគ្គិសនី ដោយធ្វើការសហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីបានប្រជាពលរដ្ឋ ប្រើប្រាស់បណ្តោះអាសន្ន។ តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖ អនុវត្តតាមសេចក្ដីណែនាំលេខ ០៤៧ សណន ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដើម្បីចូលរួមបង្ការ និងរៀមជួយសង្គ្រោះ ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយ គ្រោះទឹកជំនន់នៃទន្លេ ស្ទឹងនិងទឹកជំនន់ដោយទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រមទាំង ធានាបាននូវសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១. រដ្ឋបាលខណ្ឌទាំង ១៤ ជាពិសេស រដ្ឋបាលខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ត្រូវ៖ – កំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ រៀបចំបង្គន់អនាម័យ ទឹកស្អាត និង អគ្គិសនី ដោយធ្វើការសហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ សម្រាប់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ជាបណ្តោះអាសន្ន។ – ណែនាំផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រាបនូវទីតាំងទួលសុវត្ថិភាព ដែលរដ្ឋបាលខណ្ឌ បានកំណត់ និងត្រូវរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយនៅទីទួល សុវត្ថិភាព នោះ – ត្រៀមមធ្យោបាយដឹកជញ្ជូន រថយន្ត សម្ភារៈ ចប បង្គី បាវខ្សាច់ និងស្បៀង ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ – ត្រៀមធ្វើស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីងាយស្រួលគាំពារផ្នែកជីវភាព និង ជំនួយសង្គមផ្សេងៗ។ ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយជូនប្រជាពលរដ្ឋក្នុងតំបន់ងាយរងគ្រោះ ឱ្យត្រៀមលក្ខណៈបង្ការ និងការពារសុវត្ថិភាពនៅពេលមានទឹកជំនន់កើត់ឡើង។ – ធ្វើការកៀរគររកសប្បុរសជន និងវិស័យឯកជន ដើម្បីចូលរួមឧបត្ថម្ភគាំទ្រថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ – រៀបចំក្រុមវេនយាមប្រចាំការនៅតាមអង្គភាពរបស់ខ្លួន ដើម្បីក្តាប់ព័ត៌មាន ត្រៀមអន្តរាគមន៍ និងចាត់វិធានការដោះស្រាយរាល់បញ្ហាដែលបានកើតឡើង ឱ្យបានទាន់ពេលវើលា ។ ២. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បព្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង បញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវត្រៀមកម្លាំង មធ្យោបាយដឹកជញ្ជូន រថយន្ត ទូក កាណូត អូប័រ និងសម្ភារៈផ្សេងៗ ដើម្បីជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ៣.មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានព្យាករណ៍ឧតុនិយមជាប្រចាំ ដើម្បីធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងសម្របសម្រួលការងារបច្ចេកទេសផ្សេងៗ។ ៤. មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវត្រៀមរៀបចំផែនការការពារសុខភាព និងមន្ត្រីសុខាភិបាល រថយន្តគិលានសង្គ្រោះ ឧបករណ៍-សម្ភារៈសុខាភិបាល និងថ្នាំសង្កូវផ្សេងៗ ដើម្បី ផ្តល់សេវាសុខាភិបាលផ្សេងៗជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព។ ៥. មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវត្រៀមគ្រឿងចក្រ កាណូត និងសម្ភារៈផ្សេងៗ ត្រៀមអន្តរាគមន៍នៅតំបន់រង់គ្រោះដោយទឹកជំនន់ និងសហការជាមួយរដ្ឋបាលខណ្ឌពាក់ព័ន្ធ រៀបចំបង្គន់អនាម័យចល័តនៅទីទួលមានសុវត្ថិភាព ព្រមទាំងត្រៀមស្ការហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាឡើងវិញ។ ៦. មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចូលរួមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីការត្រៀមបង្ការ និងការការពារសុវត្ថិភាព នៅពេលគ្រោះទឹកជំនន់កើតឡើង។ ៧. មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សា និងវត្តអារាម ដែលនៅក្នុងតំបន់ងាយរងគ្រោះឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ដោយឡែក មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញត្រូវសុំគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមផ្អាកដំណើរការ គ្រឹះស្ថាន សិក្សាជាបណ្ដោះអាសន្ន សម្រាប់គ្រឹះស្ថានសិក្សាដែលត្រូវរងគ្រោះដោយទឹកជំនន់ និងធ្វើការផ្ទេរសិស្សានុសិស្សទៅរៀននៅគ្រឹះស្ថានសិក្សាផ្សេងជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពនៃការសិក្សា។ ៨. មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ត្រូវត្រៀមសហការអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗ សម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕ សម្រួលដោយ ទៀង បុណ្ណរី