ជប៉ុនចេញសេចក្តីណែនាំអំពីរលកយក្សស៊ូណាមិ សម្រាប់តំបន់ឆ្នេរ
ក្រុមអ្នកជំនាញផ្នែករញ្ជួយដី បានឱ្យដឹងថា ប្រទេសជប៉ុនបានចេញសេចក្តីណែនាំអំពីរលកយក្សស៊ូណាមិ សម្រាប់តំបន់ឆ្នេរមួយចំនួននៅព្រឹកថ្ងៃចន្ទទី៩ ខែតុលា បន្ទាប់ពីមានការរញ្ជួយដីជាបន្តបន្ទាប់នៅកោះអាយហ្ស៊ូ Izu ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតពីរលកតូចៗដែលបានកើតឡើងនោះទេ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា រលកយក្សស៊ូណាមិកម្ពស់៦០ សង់ទីម៉ែត្រ បានវាយប្រហារលើកោះហាជីជូជីម៉ា Hachijojima មានចម្ងាយ២៨០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងតូក្យូ ខណៈដែលរលកយក្ស៤០សង់ទីម៉ែត្រ និង២០សង់ទីម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងខេត្ត កូជី Kochi ភាគខាងលិច និងខេត្ត មីយ៉ាហ្សាគិ Miyazaki ភាគខាងត្បូងរៀងៗខ្លួន។ JMA បន្តថា គ្មានការខូចខាតណាមួយត្រូវបានរាយការណ៍ទេ ប៉ុន្តែតំបន់ Tateyama នៃទីក្រុងជីបា Chiba នៅជិតទីក្រុងតូក្យូ បានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរជម្លៀសចេញបន្ទាប់ពីការណែនាំ។ មន្ត្រី JMA លោក តូស៊ីហ៊ីរ៉ូ ស៊ីម៉ូយ៉ាម៉ា (Toshihiro Shimoyama) បានព្រមានក្នុងអំឡុងសន្និសីទសារព័ត៌មានថា៖«វាមានគ្រោះថ្នាក់នៅក្នុងសមុទ្រ និងនៅជិតឆ្នេរសមុទ្រ។ សូមចេញពីសមុទ្រ ហើយនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ»។ លោកបន្តថា JMA មិនទាន់អាចកំណត់ពីមូលហេតុបានទេ ទោះបីជាវាសន្មត់ថា ការរញ្ជួយដីបានបង្កើតរលកយក្សស៊ូណាមិក៏ដោយ។ ទោះជាយ៉ាងណា ការស្ទាបស្ទង់ភូគព្ភសាស្ត្រអាម៉េរិក បានរាយការណ៍ពីការរញ្ជួយដីជាបន្តបន្ទាប់នៅកោះ អាយហ្ស៊ូ ជាមួយនឹងការរញ្ជួយខ្លាំងបំផុតកម្រិត៥,៤រិចទ័រ នៅវេលាម៉ោង៥:១៧នាទីព្រឹក (ម៉ោងក្នុងប្រទេសជប៉ុន) នៅជុំវិញ៥៥១គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងស៊ីម៉ូដា Shimoda ។ គួរបញ្ជាក់ថា សេចក្តីណែនាំចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនបានសង្កេតឃើញរលកយក្សស៊ូណាមិ កម្ពស់មួយម៉ែត្រនៅជិតកោះអាយហ្ស៊ូ បន្ទាប់ពីការរញ្ជួយដីកម្រិត៦,៥ រ៉ិចទ័រកាលពីសប្តាហ៍មុន៕ សម្រួលដោយ ទៀង បុណ្ណរី