៩ ខែ ឆ្នាំនេះ មានកម្មករនិយោជិតជាង ១០០ នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កើនឡើង ៥%

នៅ​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ មាន​កម្មករ​និយោជិត​ប្រមាណ​ជាង ៤ ពាន់​នាក់ រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​នោះ​ស្លាប់​ជាង ១០០ នាក់ មាន​ការ​កើន​ឡើង បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២ កន្លង​ទៅ។  លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៩ តុលា​នេះ​ថា រយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ គ្រោះថ្នាក់​ចរាចរណ៍​ទៅ​លើ​កម្មករ​និយោជិត មាន​កើតឡើង​ចំនួន ៣៧១៥ ដែល​មាន​ជនរងគ្រោះ ៤២៧៦ នាក់ និង​ស្លាប់ ១០៧ នាក់។  លោក​បាន​បន្ត​ថា ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២២ កន្លងទៅ ឃើញ​ថា មាន​ការ​កើន​ឡើង ដោយ ៩ ខែ​ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៣១៥២ ករណី កើន​ឡើង ១៨% ជនរងគ្រោះ ៣៦៩៧ កើន​ឡើង ១៦% និង​ស្លាប់ ១០២ កើន​ឡើង ៥%។  លោក កក្តា អ៊ន បាន​បន្ត​ថា «ក្នុងនាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​កម្មករ និយោជិត អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ ក៏​ដូច​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បើកបរ និង​ធ្វើដំណើរ ត្រូវ​គោរព​ច្បាប់​ចរាចរ កុំ​ប្រើប្រាស់​គ្រឿងញៀន និង​បើ​ស្រវឹង​កុំ​បើកបរ ដើម្បី​រក្សា​ជីវិត​ខ្លួនឯង និង​អ្នកដទៃ»៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង