អ៊ីរ៉ង់ថា ការវាយប្រហារលើអ៊ីស្រាអែល គឺជាការការពារខ្លួនរបស់ប៉ាឡេស្ទីន

ក្រសួងការបរទេសអ៊ីរ៉ង់ អះអាងថា ការវាយប្រហារដោយក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ទី ៧ ខែតុលាកន្លងទៅគឺជាសកម្មភាពការពារខ្លួនដោយប៉ាឡេស្ទីន ហើយបានអំពាវនាវឱ្យប្រទេសមូស្លីមគាំទ្រសិទ្ធិរបស់ពួកគេ។ ស្របពេលដែល សហរដ្ឋអាម៉េរិកកំពុងឃ្លាំមើលឥតដាក់ភ្នែកថាតើអ៊ីរ៉ងជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការប្រយុទ្ធគ្នានេះឬអត់។   ​ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន​ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពាសពេញពិភពលោកជាមួយនឹងការវាយប្រហារដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ដោយខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្សជាច្រើននាក់ និងបានចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង។  ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសស៊ើរ កាណានី (Nasser Kanaani) ថា៖«ប្រតិបត្តិការនេះ… គឺជាចលនាដោយឯកឯងនៃក្រុមតស៊ូ និងប្រជាជនដែលត្រូវគេជិះជាន់របស់ប៉ាឡេស្ទីន ដើម្បីការពារសិទ្ធិដែលមិនអាចកាត់ផ្តាច់បាន និងប្រតិកម្មធម្មជាតិរបស់ពួកគេចំពោះគោលនយោបាយក្ដៅគគុក និងបង្កហេតុរបស់អ៊ីស្រាអែល»។ លោក កាណានី បានលើកឡើងថា៖«អ៊ីរ៉ង់ចាត់ទុកថា អ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវ … ចំពោះអំពើហិង្សា និងការសម្លាប់ប្រឆាំងនឹងប៉ាឡេស្ទីន និងអំពាវនាវឱ្យបណ្តាប្រទេសឥស្លាមគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន»។  លោក អាលី អាក់បា វេឡៃទី (Ali Akbar Velayati) ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា ខាមេនី (Ayatollah Khamenei) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការដ៏ជោគជ័យនេះពិតជានឹងពន្លឿនការដួលរលំនៃរបប Zionist ឬអ៊ីស្រាអែល។ ទន្ទឹមនឹងនោះ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង លោក អាលី បាហាដូរី-ចាហូមី (Ali Bahadori-Jahromi) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ការវាយប្រហារ បានបង្ហាញថា របប Zionist មានភាពងាយរងគ្រោះជាងពេលណាៗទាំងអស់ ហើយថាគំនិតផ្តួចផ្តើមនេះគឺស្ថិតនៅក្នុងដៃរបស់យុវជនប៉ាឡេស្ទីន។ វីដេអូដែលថតដោយទូរទស្សន៍រដ្ឋ បានបង្ហាញឱ្យឃើញមនុស្សបានប្រមូលផ្តុំគ្នានៅទីលានប៉ាឡេស្ទីន (Palestine Square) របស់ទីក្រុងតេហេរ៉ង់ ដើម្បីស្វាគមន៍ព័ត៌មាននៃការវាយប្រហារ ដោយស្រែកថា «ស្លាប់ទៅអ៊ីស្រាអែល» និងបាញ់កាំជ្រួច។ ខ្សែ​វីដេអូ​ទូរទស្សន៍​ក៏​បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ភាព​រីករាយ​ក្នុង​ទីក្រុង​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់។  លើសពីនោះ លោក យ៉ាយ៉ា រ៉ាហ៊ីម សាហ្វាវី អតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ ដែលឥឡូវនេះជាទីប្រឹក្សារបស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បាននិយាយថា យើងនឹងឈរក្បែរអ្នកប្រយុទ្ធប៉ាឡេស្ទីន រហូតដល់ការរំដោះប៉ាឡេស្ទីន និងក្រុងយេរូសាឡឹម។ ទូរទស្សន៍រដ្ឋបានបង្ហាញថា សមាជិកសភាបានក្រោកឡើងពីកៅអីរបស់ពួកគេកាលពីថ្ងៃសៅរ៍ដើម្បីស្រែកថាស្លាប់ទៅអ៊ីស្រាអែល និង ប៉ាឡេស្ទីនឈ្នះ អ៊ីស្រាអែលនឹងត្រូវបំផ្លាញ។    គួរបញ្ជាក់ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានសង្កត់ធ្ងន់ថា វាលឿនពេកក្នុងការនិយាយថាតើអ៊ីរ៉ង់ជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស ប៉ុន្តែថាគ្មានការសង្ស័យទេដែលក្រុមហាម៉ាស់ត្រូវបានផ្តល់មូលនិធិ បំពាក់ និងប្រដាប់អាវុធដោយប្រទេសអ៊ីរ៉ង់ និងប្រទេសដទៃទៀត។ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក ដែលបាននិយាយនៅក្នុងសន្និសីទមួយ បានលើកឡើងថា មិនទាន់មានការបង្ហាញណាមួយថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ទេ ប៉ុន្តែបានប្តេជ្ញាថានឹងពិនិត្យមើលថាតើទីក្រុងតេហេរ៉ង់មានជាប់ទាក់ទងឬអត់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង