ស្ពានខ្សែកាបតភ្ជាប់កោះនរា-កោះពេជ្រ នឹងបើកដំណើរការបណ្តោះ​អាសន្នបីថ្ងៃភ្ជុំបិណ្ឌ

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចស្ពានព្រះមុនីវង្ស ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ អាចធ្វើឱ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាក្នុងការធ្វើដំណើរ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះ​អាសន្ននូវស្ពានខ្សែ​កាបតភ្ជាប់​រវាងតំបន់អភិវ ឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥ តោន ចុះក្រោម ។ រដ្ឋបាលរាជធានីភ្នំពេញ​នឹងធ្វើការបិទ​ចរាចរណ៍ឆ្លងកាត់ស្ពាននេះវិញ ក្រោយបញ្ចប់ពិធីបុ ណ្យភ្ជុំបិណ្ឌ ដើម្បីឱ្យក្រុមហ៊ុន O.C.I.C បន្តអនុវត្តការងារ​ដែលនៅសល់ឱ្យបានចប់សព្វគ្រប់។   លោក បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នឹងអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន​ខ្សែកាបតភ្ជាប់រវាង​តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រចន្លោះពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ តទៅ ក្រោយពីក្រុមហ៊ុន O.C.I.C បញ្ចប់ការដ្ឋានសាងសង់ស្ពានទាំងស្រុង។   សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ​ មាន​ប្រវែងសរុប ៨២៤ម៉ែត្រ ទទឹង ២៤.៥ម៉ែត្រ​ បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម៉ែត្រ ចំណាយថវិកាសាង​សង់អស់ប្រមាណជិត ៤០លានដុល្លារ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC​៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង