យូណេស្កូពេញចិត្តចំពោះទំនាក់ទំនងល្អរវាងក្រសួងទេសចរណ៍ និងសុំការគាំទ្រលើការសិក្សាដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌផ្សេងទៀតរបស់កម្ពុជា

ខេត្តសៀមរាប៖ នាយកអង្គការយូណេស្កូប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងល្អប្រសើររវាង ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ក្នុងការរួមដៃគ្នាអភិរក្ស និងអភិវឌ្ឍប្រាង្គប្រាសាទបុរាណ វប្បធម៌ និងប្រពៃណីកម្ពុជា។ ពិសេសការស្នើសុំការគាំទ្ររបស់ក្រសួងទេសចរណ៍ ក្នុងការសហការសិក្សាលទ្ធភាពដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ…។  ការកោតសរសើរ និងស្នើសុំកិច្ចសហការពីក្រសួងនេះ ធ្វើឡើងក្នុងជំនួបរវាង លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា និងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ឆ្ពោះទៅការលើកកម្ពស់ ការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា ប្រកបដោយចីរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។ ឯកឧត្តម សុខ សូកេន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកនាយកអង្គការយូណេស្កូប្រចាំកម្ពុជា ដែលបានខិតខំក្នុងការលើកស្ទួយការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវជោគជ័យក្នុងការដាក់បញ្ចូលតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីពេលថ្មីៗនេះ។  គួរបញ្ជាក់ថា ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក សាដា អ៊ូម៉ា អាឡាម បានឯកភាពគ្នាលើគំនិតផ្ដួចផ្ដើមនានាក្នុងការជំរុញការអភិរក្ស និងអភិវឌ្ឍទេសចរណ៍កម្ពុជា ដែលជាចលករក្នុងការលើកស្ទួយជីវភាពប្រជាជនមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ភាគីទាំងពីរបានប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអភិក្សវប្បធម៌ បន្ថែមទៀតតាមរយៈការអនុវត្តរួមនូវគម្រោងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង