ស្លាប់១៤​នាក់​ និង​ជាង១០០នាក់​បាត់​ខ្លួន ក្រោយ​បឹង​ទឹកកក​របស់​ឥណ្ឌា​បាក់​ច្រាំង​

ក្រុមមន្ត្រីឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៤នាក់បានស្លាប់ និង១០២ផ្សេងទៀតនាក់ រួមទាំងបុគ្គលិកយោធាចំនួន២២នាក់ បានបាត់ខ្លួននៅភាគឦសានប្រទេសឥណ្ឌានៅថ្ងៃទី៥​តុលានេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យបឹកមួយបានបាក់ច្រាំង ដែលបង្កឱ្យមានទឹកជំនន់ភ្លាមៗចុះតាមជ្រលងភ្នំ។  អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ប្រតិបត្តិការស្វែងរកកំពុងត្រូវបានធ្វើឡើងក្រោមភ្លៀងធ្លាក់ឥតឈប់ឈរ ខណៈចរន្តទឹកហូរយ៉ាងលឿននៅក្នុងទន្លេ Teesta ហើយស្ពាន និងផ្លូវជាច្រើនខ្សែត្រូវបានបំផ្លាញ។ ភ្លៀងមួយមេធំបានបង្អុរក្នុងរយៈពេលខ្លីមួយនៅលើបឹងទឹកកក Lhonak កាលពីថ្ងៃពុធកន្លងទៅ ដែលបង្កឱ្យមានទឹកជំនន់ភ្លាមៗនៅជ្រលងភ្នំ Teesta ជិតព្រំដែនឥណ្ឌាជាមួយប្រទេសចិន។  ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបាបញ្ជាក់ថា មនុស្ស២៦នាក់បានរងរបួស និង១០២នាក់បានបាត់ខ្លួនគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈស្ពាន​ចំនួន​១១​ត្រូវ​បាន​ទឹក​ជន់​លិច។ រូបភាពវីដេអូពីទីភ្នាក់ងារព័ត៌មាន ANI បង្ហាញពីទឹកជន់លិចចូលទៅក្នុងតំបន់សាងសង់ ដែលបណ្តាលផ្ទះជាច្រើនខ្នងដួលរលំ ខណៈមូលដ្ឋានទ័ព និងសម្ភារបរិក្ខារផ្សេងទៀតត្រូវបានខូចខាត ក៏ដូចជាបង្កការជនលិចរថយន្តផងដែរ។ ទន្ទឹមគ្នានោះ នាយកដ្ឋានឧតុនិយមបានព្រមានអំពីការរអិលបាក់ដី និងការរំខានដល់ជើងហោះហើរ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ក្នុងរយៈពេលពីរថ្ងៃខាងមុខ នៅក្នុងផ្នែកខ្លះនៃរដ្ឋ Sikkim និងរដ្ឋជិតខាង។  តំបន់ភ្នំផ្សេងទៀតនៃប្រទេសឥណ្ឌា ក៏ដូចជាផ្នែកខ្លះនៃប្រទេសប៉ាគីស្ថាន និងនេប៉ាល់ បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបានសម្លាប់មនុស្សជាច្រើននាក់។ កាលពីឆ្នាំមុន ប្រទេសប៉ាគីស្ថានបានស្តីបន្ទោសការប្រែប្រួលអាកាសធាតុចំពោះទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយភ្លៀងមូសុងជាប្រវត្តិសាស្ត្រ ដែលបានបំផ្លាញផ្លូវថ្នល់ ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពាន ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់១ពាន់នាក់៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង