សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ តាមដីកាចាប់ខ្លួនចំនួន ២ច្បាប់
កណ្តាល ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ សហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុកកៀនស្វាយ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល តាមចាប់ខ្លួនជនសង្ស័យម្នាក់ពីរបទជួញដូរថ្នាំញៀន។ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំនុច ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សមត្ថកិច្ចនគរបាលឱ្យដឹងថា ដីកាចំនួន២ច្បាប់នោះរួមមាន ១.ដីកាចេញដោយលោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តណ្តាល លេខ៧០២/២០ ចុះថ្ងៃទី១០.០៩. ២០២០ និង ២.ចេញដោយលោក គឹម រត្ន័ណារិន ចៅក្រមជំនុំជម្រះនៃសាលាដំបូង ខេត្តណ្តាល លេខ៨៩៨ ចុះថ្ងៃទី២៤.១១.២០២០ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ លន សុចិត្ត ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយទទួបានដីកាទាំងពីរច្បាប់ខាងលើ ទើបសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ធ្វើប្រតិបត្តិតាមចាប់ ជនសង្ស័យឃាត់ខ្លួននៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយ ចាត់ការតាមនីតិវិធី៕ សម្រួលដោយ ទៀង បុណ្ណរី