ផ្ទះពលរដ្ឋមួយខ្នងបាក់ស្រុតចូលទៅក្នុងទន្លេសាប ខណៈ៣ខ្នងទៀតដាច់ជើងសរសរផ្នែកខាងក្រោយ
រាជធានីភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋរស់នៅតាមមាត់ច្រាំងទន្លេសាប១ខ្នង ត្រូវទឹកកួចច្រោះបាក់ស្រុតចូលទៅក្នុងទន្លេទាំងស្រុង ខណៈ៣ខ្នងផ្សេងទៀតបានបាក់ស្រុតដាច់ជើងសរសរផ្នែកខាងក្រោយត្រូវពលរដ្ឋរុះរើចេញ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយសារស្ថានភាពទឹកទន្លេកំពុងឡើងជាបន្តបន្ទាប់…។ ករណីបាក់ស្រុតច្រាំងទន្លេនាំយកផ្ទះពលរដ្ឋទៅជាមួយនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចច្រាំងទន្លេសាប ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពពីពលរដ្ឋនៅក្បែរកន្លែងបាក់ស្រុត បានឱ្យដឹងថា ការស្រុតផ្ទះចូលទន្លេនេះពុំបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ដោយមុនពេលកើតហេតុ ម្ចាស់ផ្ទះបានចាក់សោទុកចោល។ ពលរដ្ឋបន្តថា ផ្ទះដែលបាក់ចូលក្នុងទន្លេនេះ ជាផ្ទះធ្វើពីឈើប្រក់ស័ង្កសី មានទំហំប្រមាណ ៧X១០ម៉ែត្រ។ ចំណែក៣ខ្នងទៀត ធ្វើពីថ្មក្រោមឈើលើប្រក់សង្ក័សីបានបាក់ស្រុតជើងសរសរផ្នែកខាងក្រោយប្រឈមគ្រោះថ្នាក់ម្ចាស់កំពុងរុះរើចេញ។ យ៉ាងណាជុំវិញការបាកស្រុតច្រាំងទន្លេដោយទាំងផ្ទះពលរដ្ឋនេះ ពួកគាត់បញ្ជាក់ថាអាចបណ្តាលមកពីទឹកទន្លេឡើងខ្លាំង ទើបកើតជាការស្រុតដីបាក់ច្រាំងតែម្ដង៕ សម្រួលដោយ ទៀង បុណ្ណរី