អាជ្ញាធរចុះបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិច២កន្លែងផ្សេងគ្នានៅខេត្តរតនគិរី ឃាត់ខ្លួនមនុស្សបាន១០នាក់
ខេត្តរតនគិរី៖ ទោះបីមានការហាមឃាត់យ៉ាងតឹងរឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា លើការលក់បារីអេឡិចត្រូនិច(វ៉េប) ក៏បច្ចុប្បន្ននៅមានសកម្មភាពបើកទីតាំងលួចលាក់លក់បារីអេឡិចត្រូនិចនេះដដែល។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរខេត្តរតនគិរី បានចុះបង្ក្រាបបាននូវទីតាំងលាក់បង្កប់លក់បារីអេឡិចត្រូនិចនេះ បានពីរទាំងតាំង និងឃាត់ខ្លួនមនុស្ស១០នាក់ ដែលភាគច្រើនជាសិស្សសាលា…។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងមានការសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុង ចុះបង្រ្កាបជាក់ស្តែងទីតាំងលក់បារីអេឡិចត្រូនិច (វ៉េប) គ្មានច្បាប់អនុញ្ញាតចំនួនពីរទីតាំងរួមមាន៖ ទីតាំងទី១. នៅម្តុំសាលាហេងលាងចាស់ ស្ថិតនៅភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ទីតាំងទី២- នៅចំណុចខាងក្រោយសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ (ហាងលក់កាហ្វេ ទូលីប) ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ក្នុងនោះមានម្ចាស់ហាងម្នាក់ បុគ្គលិកហាងចំនួនម្នាក់ និងសិស្សសាលាកំពុងប្រើប្រាស់វ៉េបចំនួន០៦នាក់ផងដែរ។ សមត្ថកិច្ចបន្តថា បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល (អវិជ្ជមាន)ទាំងអស់ និងបានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យាហៅអាណាព្យាបាលមកធានា រួចអនុញ្ញាតឱ្យត្រលប់ទៅលំនៅដ្ឋានវិញ៕ សម្រួលដោយ ទៀង បុណ្ណរី