អ្នកឧកញ៉ា លី ហួរ គោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
TNM(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំអ្នកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមសម្តែងនូវមនោសញ្ចេតនាអំណរសាទរគោរពជូនចំពោះ សម្តេចក្រឡាហោម និងលោកជំទាវ សូមបានប្រកបដោយសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។
ឆ្លៀតក្នុងឱកាសដ៏មហាជ័យមង្គលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមាគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចក្រឡាហោម នូវការពលិកម្មបូជាកម្លាំងកាយចិត្តគ្រប់បែបយ៉ាង ព្រមទាំងបានចូលរួមវិភាគទានដ៏ធំធេងថ្លៃថ្លា ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាសន្តិសុខ និងការអភិវឌ្ឍប្រទេសឲ្យភ្លឺថ្លាត្រចះត្រចង់ដោយមិនខ្លាចនឿយហត់។ ក្រោមការដឹកនាំ និងការតស៊ូរបស់ សម្តេចក្រឡាហោម គឺរក្សាបានសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ពេញផ្ទៃប្រទេស ធ្វើឲ្យប្រជាជាតិងាយស្រួលប្រកបរបរជីវភាពរស់នៅ សម្បូរសប្បាយរុងរឿង ដែលជាចំណែកដ៏វិសេសវិសាលសំដៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ធ្វើឲ្យទឹកដីសុវណ្ណភូមិមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យគួរជាទីមោទន។ យើងខ្ញុំទាំងអស់គ្នាពិតជាមិនអាចបំភ្លេចបានឡើយនូវទឹកចិត្តស្នេហាជាតិដ៏មោះមុតមួយនេះ ដែលញ៉ាំងឲ្យយើងខ្ញុំមានសេចក្តីសង្ឃឹម ជំនឿទុកចិត្តលើការដឹកនាំរបស់ សម្តេចក្រឡាហោម គ្រប់កាលៈទេសៈដែលអាចធ្វើឲ្យជាតិកម្ពុជាពណ្ណរាយរន្ទឺលើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀតក្នុងឱកាសដ៏ឧត្តុងឧត្តម បរមសុខនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមទ្រង់ប្រោះព្រំពរជ័យវិបុលសុខសួស្តី និងតាមជួយបីបាច់ថែរក្សា សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕