ភ្លៀងធ្លាក់ច្រើនថ្ងៃ ធ្វើឱ្យកម្ពស់ទឹកទន្លេឡើងជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ដោយសារឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប អូសបន្លាយភាគខាងជើងលើប្រទេសឡាវ និងប្រទេសវៀតណាម និងខ្យល់មូសុងនិរតី ដែលបានធ្វើឱ្យមានភ្លៀងធ្លាក់នៅប្រទេសកម្ពុជា ហើយនាំឱ្យកម្ពស់ទឹកទន្លេមេគង្គ កើនឡើងជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន។ បើយោងតាមការព្យាករណ៍កម្ពស់ទឹកនៅតាមស្ថានីយមួយចំនួនរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា ស្ថានីយមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ ៨,៨៨ ម៉ែត្រ ដែលកើនឡើង ១ ម៉ែត្រ បើប្រៀបធៀបថ្ងៃម្សិលមិញ។ ស្ថានីយមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ១៨,៣០ ម៉ែត្រ ហក់ឡើងជាង ១ ម៉ែត្រ។ ស្ថានីយទន្លេមេគង្គ-កំបង់ចាម កើនឡើងជិតកន្លះម៉ែត្រ និងស្ថានីយបាសាក់ចតុមុខទឹកមានកម្ពស់ជិត ៧ ម៉ែត្រ។ ក្រសួងធនធានទឹក នឹងឧតុនិយមបានព្យាករណ៍ថា កម្ពស់ទឹកទន្លេនឹងអាចកើតជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ននៅថ្ងៃស្អែក ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់៕ សម្រួលដោយ ទៀង បុណ្ណរី