ក្រសួងអំពាវនាវឱ្យប្រើប្រាស់ទឹកសន្សំសំចៃកម្រិតខ្ពស់ ក្រោយព្យាករឃើញថា រដូវវស្សាឆ្នាំ២០២៣នឹងបញ្ចប់លឿនជាងឆ្នាំមុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្តាតំបន់ជនបទ ដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក។ ក្រោយការព្យាករឃើញថា ស្ថានភាពភ្លៀងទូទៅធ្លាក់មិនសូវរាយប៉ាយពេញផ្ទៃប្រទេសឡើយ ហើយរដូវវស្សាឆ្នាំនេះ នឹងបញ្ចប់ទៅវិញលឿនជាងឆ្នាំ២០២២…។  យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនាល្ងាចថ្ងៃទី១៣ ខែកញ្ញា ស្ដីពីការព្យាករអាកាសធាតុលើកទី៣ សម្រាប់ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា ក្នុងរដូវវស្សាឆ្នាំ២០២៣ នេះបាតុភូតអែលនីណូ (El Nino) បានបង្កើនឥទ្ធិពលជាសកល។ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់១០០ភាគរយ។ ក្នុងខែកញ្ញានេះ រដូវវស្សានៅតែបន្តដោយស្ថានភាពភ្លៀងទូទៅធ្លាក់មិនសូវបានរាយប៉ាយ មានផ្ទៃដីរងទឹកភ្លៀងប្រមាណ ៤០ ទៅ៦០ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំខ្ពង់រាប និងនៅតំបន់មាត់សមុទ្ទ។  ជាមួយគ្នានេះ កម្រិតទឹកភ្លៀង និងធ្លាក់ថមថយមកនៅកម្រិតប្រែប្រួលពីខ្សោយ ទៅមធ្យម លាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយផ្ទៃដីរងទឹកភ្លៀងប្រមាណពី៣០ ទៅ៤០ភាគរយ ក្នុងខែតុលា និងខែវិច្ឆិកា ជាហេតុធ្វើឱ្យរដូវវស្សាឆ្នាំ២០២៣ នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២។ ក្រសួងបញ្ជាក់បន្ថែមថា សម្រាប់រដូវវស្សាតំបន់ខ្ពង់រាបនឹងបញ្ចប់នៅក្នុងសប្ដាហ៍ទី៣ នៃខែតុលា។ រីឯតំបន់វាលទំនាប និងតំបន់មាត់សមុទ្ទ រដូវវស្សានឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែតុលា៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង