មេដឹកនាំកូរ៉េខាងជើងចេញដំណើរទៅជួបលោក ពូទីន ខណៈអាម៉េរិកត្រៀមទណ្ឌកម្មចាំស្រេច

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារទី១២​ ខែកញ្ញានេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសរុស្ស៊ី តាមរថភ្លើងផ្ទាល់ខ្លួនរបស់លោក អមដោយមន្ត្រីឧស្សាហកម្មអាវុធកំពូលព្រមទាំងអ្នកការទូត និងមេបញ្ជាការយោធាផ្សេងទៀត។  ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា លោក គីម បានចេញដំណើរតាំងពីថ្ងៃទី១០កញ្ញា នៅក្នុងដំណើរទស្សនកិច្ចមួយដែលនឹងរួមបញ្ចូលកិច្ចប្រជុំជាមួយ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយបន្ថែមថា លោកត្រូវបានអមដំណើរដោយមន្ត្រីរដ្ឋាភិបាលកំពូល រួមទាំងបុគ្គលិកយោធាផងដែរ។ ក្នុង​ចំណោម​គណៈប្រតិភូ​ទាំងនោះ មាន​សមាជិក​យោធា​ដ៏​លេចធ្លោ​នៃ​បក្ស​កាន់​អំណាច រួម​មាន៖ ​លោក ចូ ជុន រីយ៉ុង Jo Chun Ryong ប្រធាន​នាយកដ្ឋាន​ឧស្សាហ​កម្ម​អាវុធ ខណៈអ្នក​វិភាគ​ម្នាក់លើកឡើង​ថា​ ដំណើរ​ទស្សនកិច្ច​នេះ ​នឹង​ផ្តោត​ជា​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម​ការពារជាតិ និង​កិច្ចការ​សន្តិសុខ។ ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូមួយថា ដំណើររបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ី និងការជួបពិភាក្សាជាមួយលោក ពូទីន នឹងក្លាយជាដំណើរទស្សនកិច្ចពេញលេញ។ យោងតាមលោក ប៉េស្កូវ ប្រធានបទសំខាន់នៃកិច្ចពិភាក្សានឹងជាទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយបន្ថែមថា​៖ «​យើង​នឹង​បន្ត​ពង្រឹង​មិត្តភាព​របស់​យើង​»​។ ទន្ទឹមគ្នានោះ សហរដ្ឋអាម៉េរិក​បាន​គំរាម​ថា នឹង​អនុវត្ត​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​ និង​បន្ថែម​ទណ្ឌកម្ម​ថ្មី ប្រសិនបើទី​ក្រុង​ព្យុងយ៉ាង​ផ្តល់​អាវុធ​ដល់​ក្រុង​ម៉ូស្គូ​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក ម៉ាតធូ មីល័រ (Matthew Miller) បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាម៉េរិកនឹងបន្ត​ដាក់គំនាបលើអង្គភាពដែលជួយយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ឱ្យទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។ លោក មីល័រ បានប្រាប់អ្នកយកព័ត៌មានថា៖«ខ្ញុំសូមរំឭកដល់ប្រទេសទាំងពីរថា ការផ្ទេរសព្វាវុធពីកូរ៉េខាងជើងទៅរុស្ស៊ី នឹងបំពានលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាការពិតណាស់ ពួកយើងបានអនុវត្តទណ្ឌកម្មរបស់យើងយ៉ាងចាស់ដៃប្រឆាំងនឹងអង្គភាពដែលផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី ហើយយើងនឹងបន្តអនុវត្តទណ្ឌកម្មទាំងនោះ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មថ្មីឡើយ ប្រសិនបើយល់ថាសក្តិសម»។  យ៉ាងណាមិញ លោក​មិន​បាន​បញ្ជាក់​ថា តើ​អាម៉េរិក​នឹង​ដាក់​ទណ្ឌកម្ម​លើប្រទេស​កូរ៉េ​ខាង​ជើង ឬប្រទេសរុស្ស៊ី ឬ​លើប្រទេសទាំង​ពីរ​នោះ​ទេ ប៉ុន្តែ​លោក​បានអះអាង​ថា អាម៉េរិក​កំពុង​តាម​ដាន​ស្ថានការណ៍ ហើយ​នឹងរង់ចាំ​មើល​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​យ៉ាងដិតដល់ មុននឹងចាត់វិធានការណាមួយ។ ទាំង​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង ​កំពុង​ស្ថិត​ក្រោម​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​របស់​អាម៉េរិក។ ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបញ្ជាក់ថា លោក ពូទីន និងលោក គីម គ្រោងនឹងជួបប្រជុំគ្នានៅប៉ុន្មានថ្ងៃខាងមុខនេះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង