ក្រសួងប្រៃសណីយ៍នឹងដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជាឆាប់ៗនេះ
រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដាក់ចេញការងារអាទិភាពជាច្រើនរួមមាន ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញការចាប់យកឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗលើការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ថ្លែងក្នុងពិធីបើកសន្និសីទអ្នកអភិវឌ្ឍសុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣ (CODE-C )ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងអំពី តួនាទីក្នុងការប្រើប្រាស់ជំនាញ ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវការងារអាទិភាពរបស់កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណទី៥។ ទន្ទឹមនឹងនេះ នៅប៉ុន្មានខែខាងមុខ ក្រសួងនឹងដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ដែលជាផែនការឆ្ពោះទៅមុខសម្រាប់លើកកម្ពស់ជំនាញឌីជីថលកម្រិតខ្ពស់ និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលថែមទៀតផង។ក្នុងសន្និសីទ CODE-C ដដែលនេះរដ្ឋមន្ត្រីក៏បានលើកឡើងអំពីសារសំខាន់នៃការរៀបចំដើម្បីបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍសុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្ដូរបទពិសោធជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អ្នកអភិវឌ្ឍសុសវែរ អ្នកជំនាញបច្ចេកវិទ្យាឌីជីថលមកពីក្រសួងស្ថាប័ន និងវិស័យឯកជន។ គូសបញ្ជាក់ផងដែរថា CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍសុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ប្រមូលផ្តុំអ្នកសរសេរកូដ អ្នកអភិវឌ្ឍបច្ចេកវិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញវន្តឌីជីថល ព្រមទាំងសិស្សនិស្សិត ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍសុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្ដូរបទពិសោធជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា៕ សម្រួលដោយ ទៀង បុណ្ណរី