កម្ពុជា-ជប៉ុន ឯកភាពគ្នាបង្កើតក្រុមការងារបច្ចេកទេស ដើម្បីដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រីនៅកម្ពុជា

រាជធានីភ្នំពេញ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី និងឯកឧត្តម អ៊ូអ៊ីណូ អាត់ស៊ូស៊ី UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឯកភាពគ្នាបង្កើតក្រុមការងារបច្ចេកទេស ដើម្បីសិក្សាបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រីនៅកម្ពុជា ខណៈម្ចាស់អាជីវកម្មកម្រិតតូចនិងមីក្រូបច្ចុប្បន្ន មានចំនួនជាង៦០ភាគរយ។ នេះបើតាមជំនួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។  ការឯកភាពគ្នានេះ បានធ្វើឡើងក្រោយភាគីទាំងពីរពិភាក្សាគ្នាលើការគាំទ្រការអភិវឌ្ឍសហគ្រិនស្ត្រី ជាពិសេស ស្ត្រីធ្វើអាជីវកម្ម នៅក្នុងកម្រិតមីក្រូ និងតូច ដើម្បីឈានទៅជួយគាំទ្រលើការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី។ ជាលទ្ធផលផ្លែផ្កា ភាគីទាំងសងខាងបានអនុញ្ញាតឱ្យបង្កើតជាក្រុមការងារបច្ចេកទេស ដើម្បីសិក្សារៀបចំជាគម្រោងសម្រាប់ឱ្យមានការគាំទ្រពីជប៉ុន ដោយសិក្សាមើលថា តើភាគីជប៉ុនអាចមានផ្នែកណាមួយដែលអាចជួយគាំទ្រ។ លោកជំទាវ អ៊ឹង កន្ថាផាវី បានលើកឡើងថា៖«នេះជាគម្រោងថ្មីមួយរបស់ក្រសួងកិច្ចការនារី ហើយជាតម្រូវការចាំបាច់របស់សង្គម ខណៈបច្ចុប្បន្ន ស្ត្រីដែលជាម្ចាស់អាជីវកម្មកម្រិតតូច និងមីក្រូ មានចំនួន៦១ភាគរយ ដោយភាគច្រើនជាអ្នកលក់ដូរនៅតាមផ្សារ និងតាមផ្លូវផ្សេងៗ នេះជាចំណុចមួយដែលត្រូវការ ការគាំទ្រពីរាជរដ្ឋាភិបាល»។  យ៉ាងណាមិញ តាមគម្រោងមជ្ឈមណ្ឌលនេះ មានមុខងារ៤សំខាន់ ដូចជា៖ទី១.ជួយស្ត្រីដែលមានបំណងចង់បង្កើតអាជីវកម្មដំបូង ឱ្យមានកន្លែងសម្រាប់ពួកគាត់បើកអាជីវកម្ម, ទី២.អ្នកដែលរកស៊ីនៅតាមផ្លូវ ឬតាមផ្សារ មជ្ឈមណ្ឌលជួយបង្រៀនពួកគាត់ អំពីវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍគំនិតច្នៃប្រឌិត ដើម្បីឱ្យមានចំណូលច្រើនជាងមុន, ទី៣.ជួយបង្កើនសេដ្ឋកិច្ចដល់ពួកគាត់ និងទី៤. ជាទីកន្លែងមួយ សម្រាប់ការតាំងពិពណ៌ផលិតផល ឬសេវាកម្ម សម្រាប់ស្ត្រី។ គូសបញ្ជាក់ផងដែរថា គម្រោងនៃការបង្កើតមជ្ឈមណ្ឌលនេះ គ្រោងនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៤ខាងមុខ ហើយរដ្ឋមន្ដ្រីក្រសួងកិច្ចការនារីរំពឹងថា ក្រោយមជ្ឈមណ្ឌលនេះដំណើរការនឹងមានស្ត្រីជាសហគ្រិនចន្លោះពី១០០ទៅ២០០នាក់ក្នុងរយៈពេល១ឆ្នាំៗ បានទទួលការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលនេះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង