វីដូអូចោរលួចម៉ូតូស្តែងៗនៅខណ្ឌពោធិ៍សែនជ័យ ខណៈពលរដ្ឋថាចោរកម្មហាក់មានកំណើន

រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ដែលម្ចាស់ចតទុកនៅខាងមុខផ្ទះ ភ្លេចដកសោចេញពីម៉ូតូកាលពីវេលាម៉ោង៩ៈ៤១នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះបានសម្រេច នៅចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណៈប្រជាពលរដ្ឋនាំគ្នាដេញតាមដែរតែមិនទាន់…។  សកម្មភាពចោរកម្មនៅខណ្ឌពោធិ៍សែនជ័យ ហាក់ផ្ទុះកក្រើកខ្លាំងឡើងវិញនៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែង នៅព្រឹកមិញនេះ មានករណីចោរចូលលួចម៉ូតូចតនីនឹងខាងមុខផ្ទះប្រជាពលរដ្ឋទាំងព្រឹកព្រហ៊ាមតែម្ដង ដោយគ្មានកោតខ្លាចសមត្ថកិច្ចសោះឡើយ។ បើតាមសម្តីម្ចាស់ផ្ទះបានឱ្យដឹងថា គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហ្សូស៊ូគី ប៊ីត ពណ៌សលាយក្រហម មកពីផ្សារចតនៅខាងមុខផ្ទះដោយភ្លេចដកសោរចេញពីម៉ូតូ ភ្លាមៗក៏មានជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកដល់ខាងមុខផ្ទះ ហើយក៏បានធ្វើសកម្មភាពឡើងជិះម៉ូតូយកទៅតែម្ដង។ ប្រជាពលរដ្ឋបាននាំគ្នាដេញតាមដែរ ប៉ុន្តែចាប់អត់បាន និងដេញតាមពីក្រោយមិនទាន់ ពួកវាក៏ជិះរត់បាត់អស់ទៅ។  ដោយឡែក ប្រជាពលរដ្ឋសង្ឃឹមថា តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញឱ្យឃើញមុខ និងភិនភាគជនសង្ស័យទាំងពីរ២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ឌុបគ្នា មកលួចម៉ូតូ និងបានប្រញាប់ជិះរត់គេចបាត់ដោយសុវត្ថិភាព ដូច្នេះសង្ឃឹមថា សមត្ថកិច្ចនឹងជួយធ្វើការស្រាវជ្រាវវែកមុខជនសង្ស័យទាំងពីរខាងលើ យកមកផ្តន្ទាទោសបានមិនខាន ព្រោះពេលនេះជនរងគ្រោះដែលជាម្ចាស់ម៉ូតូ បានដាក់ពាក្យបណ្តឹងភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាព នៅប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរួចអស់ហើយដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង