វិបត្តិហិរញ្ញវត្ថុវិស័យអចលនទ្រព្យចិនកើនឡើង ជាមួយនឹងការជំពាក់រាប់ពាន់លានដុល្លារ
រដ្ឋធានីប៉េកាំង៖ នៅក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ នៅក្នុងប្រទេសចិន បានប្រឈមមុខនឹងហានិភ័យដ៏ធ្ងន់ធ្ងរបំផុត ដោយសារតែការខាតបង់ និង ការជំពាក់បំណុលរាប់រយពាន់លានដុល្លារ មានដូចជា ក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យ Evergrande Group (អេវើរហ្គេនដ៍) និង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យCountry Garden (ខោទ្រី ហ្កាដែន)…ជាដើម ហើយបញ្ហានេះ នឹងនាំឲ្យមានវិបត្ដិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសមហាយក្សអាស៊ី។ សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២ ថា វិស័យអចលនទ្រព្យ បង្កើតជាឆ្អឹងខ្នង សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន ដោយរួមចំណែក ប្រហែល៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ឬ GDP) របស់ប្រទេសមហាយក្សអាស៊ីមួយនេះ។ ប៉ុន្តែក្រុមអ្នកជំនាញ បានអះអាង ថា ប្រទេសមហាសេដ្ឋកិច្ចកំពូលលំដាប់លេខ២របស់ពិភពលោកមួយនេះ ត្រូវតែកាត់បន្ថយនូវការពឹងផ្អែករបស់ខ្លួនទាំងស្រុង ទៅលើវិស័យអចលនទ្រព្យ សម្រាប់កំណើនសេដ្ឋកិច្ច ដោយសារតែនិន្នាការរបស់ប្រជាជនចិន មានការផ្លាស់ប្ដូរ។ វិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេរបស់ប្រទេសចិន កំពុងតែកើនឡើង ព្រោះសេដ្ឋកិច្ចរបស់ប្រទេស ហើយការប្តឹងផ្តល់ ជាមួយនឹងអាជីវកម្ម និង ការជំពាក់លុយរាប់រយពាន់លានដុល្លារ។ វិបត្តិអចលនទ្រព្យរបស់ប្រទេសចិន ដែលកំពុងតែបន្ត ត្រូវបានរដ្ឋាភិបាល បង្កើនការប៉ុនប៉ុង ធ្វើកំណែទម្រង់ និង កាត់បន្ថយឥទ្ធិពលលើវិស័យនេះ ដើម្បីការពារកុំឱ្យប៉ះពាល់ដល់លំនៅឋាន។ វិស័យអចលនទ្រព្យ បង្កើតបានជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេស ដោយរួមចំណែក ប្រហែល៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ជាមួយនឹងទ្រព្យសម្បត្តិរបស់អ្នកស្រុកប្រហែល ៨០ភាគរយ ត្រូវបានជាប់គាំង នៅក្នុងវិស័យនេះ។ ក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យ China Evergrande Group ដែលជាក្រុមហ៊ុនដ៏ធំផុតរបស់ប្រទេសចិន ធ្លាប់លក់ដាច់បំផុត នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ បានដាក់ពាក្យក្ស័យធន កាលពីខែមុន ខណៈក្រុមហ៊ុន Country Garden ក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសចិន ក៏ប្រកាសអំពីការខាតបង់ប្រាក់រាប់ពាន់លានដុល្លារផងដែរ។ បើតាមទិន្នន័យរបស់សមាគមឧស្សាហកម្មសំណង់ចិន បានអះអាង កាលពីខែមិថុនា ថា បច្ចុប្បន្ន មានការងារតិច ជាង១,៥លាន នៅក្នុងឧស្សាហកម្មសំណង់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។ លោក វ៉ាង ដាន (Wang Dan) ប្រធានសេដ្ឋវិទូរបស់ធនាគារ Hang Seng បានប្រាប់ CNA ថា «ប្រទេសចិនមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ប្រហែល ១00 000 នៅមុនពេលជំងឺកូវីដ-១៩ បានផ្ទុះឡើង នៅក្នុងអំឡុងឆ្នាំ២០១៩។ ប៉ុន្ដែឥឡូវ តួលេខជាផ្លូវការ បង្ហាញ ថា មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ យ៉ាងតិច ជាង៥០០០ បានប្រកាសក្ស័យធន។ បញ្ហានេះ នឹងនៅតែមានបន្ដ។ បើទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផ្គត់ផ្គង់ ក្រុហ៊ុនម៉ៅការបន្ត ក្រុមហ៊ុនលក់សម្ភារៈ និង ទីភ្នាក់ងារផ្សេងៗទៀត កំពុងតែត្អូញត្អែរ អំពីការបោះបង់ចោល ដោយសារតែប្រព័ន្ធផ្តល់អាទិភាព ដែលអ្នកទិញផ្ទះកំពុងតែស្វែងរក មិនបានប្រគល់ផ្ទះគ្រប់គ្រាន់ដល់របស់ពួកគេ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ប្រទេសចិន Country Garden បានចេញផ្សាយ កាលពីចុងខែសីហា ថា ការខាតបង់ ចន្លោះពីខែមករា ដល់ ខែមិថុនា ចំនួន ៤៨,៩ពាន់លានយន់ (Yuan លុយរបស់ចិន) ឬស្មើនឹង៦,៧២ពាន់លានដុល្លារ ធៀបនឹងការខាតបង់សុទ្ធ ៦,៧ពាន់លានយន់ នៅក្នុងឆមាសទី២ នៃឆ្នាំ២០២២ ហើយប្រាក់ចំណេញសុទ្ធ ចំនួន៦១២លានយន់ នៅឆមាសទី១ នៃឆ្នាំ២០២២។ ស្របពេលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុតរបស់ប្រទេសចិន Evergrande Group កំពុងតែផុងខ្លួននឹងបំណុលដ៏ច្រើនបំផុត និង បានក្លាយទៅជានិមិត្តរូប នៃវិបត្តិអចលនទ្រព្យ នៅក្នុងប្រទេសចិន កំពុងតែបន្តធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ២របស់ពិភពលោក។ ការប្រកាសលទ្ធផលខាតបង់នេះ បានកើតឡើង ខណៈអាជ្ញាធរចិន បានចាត់វិធានការ ដើម្បីស្តារទីផ្សារអចលនទ្រព្យ ដែលមានបញ្ហាឡើងវិញ ដោយមានចំនួនប្រហែល១ភាគ៤ នៃសេដ្ឋកិច្ច។ វិបត្តិវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន បានបង្កើននូវក្តីបារម្ភ ថា វាអាចមានផលប៉ះពាល់ដល់អស្ថិរភាពសេដ្ឋកិច្ច ដែលកំពុងតែចុះខ្សោយរួចទៅហើយ ដោយសារការកើនឡើង នៃចំនួនអត់ការងារធ្វើ និង តម្រូវការធ្លាក់ចុះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Evergrande Group កាលពីថ្ងៃទី២០ ខែសីហា បានប៉ាន់ប្រមាណបំណុលរបស់ក្រុមហ៊ុន ឥឡូវនេះមានចំនួនជិត ៣២៨ពាន់លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ ពីជិត៣៤០ពាន់លានដុល្លារអាមេរិក កាលពីចុងឆ្នាំ២០២២។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សមួយនេះ ក៏បានប្រកាស អំពីស្ថានភាពសាច់ប្រាក់ ដែលកាន់តែយ៉ាប់យ៉ឺនទៅ ដោយមានសាច់ប្រាក់ ត្រឹមតែ៥៥៦លានដុល្លារអាមេរិកប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២ មានប្រហែល២ពាន់លានដុល្លារអាមេរិក។ តួលេខផ្លូវការ កាលពីដើមខែសីហា បានបង្ហាញ ថា ប្រទេសចិន បានធ្លាក់ចូលទៅក្នុងបរិត្ដផរណា ជាលើកដំបូង នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ។ រីឯការនាំចេញ ក៏បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈចំនួនអ្នកអត់ការងារធ្វើរបស់យុវជន កើនឡើង ដល់កម្រិតខ្ពស់បំផុត។ ចំណែក ភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden Holdings បានធ្លាក់ចុះជាង៥ភាគរយ នៅក្នុងការធ្វើពាណិជ្ជកម្មហុងកុង កាលពីដើមខែសីហា។ តួលេខផ្លូវការ បានបង្ហាញ កាលពីដើមខែសីហា ថា ការនាំចេញរបស់ប្រទេសចិន បានធ្លាក់ចុះច្រើនជាងការរំពឹងទុក រហូតដល់ ១៤,៥ភាគ នៅក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុន ខណៈការនាំចូល បានធ្លាក់ចុះ ១២,៤ភាគរយ។ ស្របគ្នានេះ ការអត់ការងារធ្វើរបស់យុវជន ដែលមានកម្រិតខ្ពស់បំផុត ក៏កំពុងតែត្រូវតាមឃ្លាំមើលយ៉ាងដិតដល់ផងដែរ ខណៈនិស្សិតទើបនឹងបញ្ចប់ការសិក្សា នៅតាមសាកលវិទ្យាល័យនានា ចំនួន ១១,៥៨លាននាក់ ត្រូវបានគេរំពឹង ថា នឹងសម្រុកចូលទៅក្នុងទីផ្សារការងារ នៅឆ្នាំ២០២៣នេះ៕ សម្រួលដោយ ទៀង បុណ្ណរី