តើជំងឺណាខ្លះដែលសមាជិក ប.ស.ស មិនអាចប្រើប័ណ្ណ ប.ស.ស ក្នុងផ្នែកថែទាំសុខភាពបាន?

បច្ចុប្បន្ន សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប​.​ស​.​ស អាច​ទៅ​ប្រើប្រាស់​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស បាន ដោយ​មិន​មាន​ការ​បង់​ប្រាក់។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ការ​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស ត្រូវ​បាន​លើកលែង និង​មិន​រាប់​បញ្ចូល​នូវ​សេវា​មួយ​ចំនួន​ក្នុង​ផ្នែក​ថែទាំ​សុខភាព​ផង​ដែរ។  បើ​តាម​មន្ត្រី ប​.​ស​.​ស បាន​បញ្ជាក់​ការ​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស លើកលែង​នូវ​សេវា​មិន​រាប់​បញ្ចូល​ក្នុង​ផ្នែក​ថែទាំ​សុខភាព​មួយ​ចំនួន​មាន​ដូចជា ៖ ១.ការ​ព្យាបាល​មិន​គិត​ថ្លៃ ដែល​មាន​ចែង​ក្នុង​គោលនយោបាយ​សុខាភិបាល​សាធារណៈ។២.ការ​ថែទាំ​ធ្មេញ (ការ​សំអាត​ធ្មេញ ការ​ប៉ះ​ធ្មេញ និង​ការ​ដាក់​ធ្មេញ​) ។ ៣.ការ​ព្យាបាល និង​ការ​វះកាត់​ប្ដូរ​ភេទ។  ៤.ការ​ផ្សំ ឬ ប្ដូរ​សរីរាង្គ​ផ្សេងៗ។  ៥.សេវា​បង្ក​កំណើត​ដោយ​សិប្បនិម្មិត។  ៦.ការ​ព្យាបាល​ដោយ​ខ្លួនឯង។​  ៧.ការ​ព្យាបាល ឬ វះកាត់ ដើម្បី​ជា​ប្រយោជន៍ នៃ​ការ​កែលម្អ​ផ្នែក​ណាមួយ នៃ​រាងកាយ។  ៨.ឧបករណ៍​ជំនួយ​ភ្នែក​សិប្បនិម្មិត និង​ការ​ព្យាបាល​ដោយ​កាំរស្មី​ឡាស៊ែ។  ៩.ការ​ព្យាបាល​ញៀន​សុរា និង​ការ​ផ្ដាច់​គ្រឿងញៀន។  ១០.ការ​ព្យាបាល​អសមត្ថភាព​ផ្ដល់​កំណើត។​  ១១.ការ​វះកាត់​ដាក់​គ្រាប់ភ្នែក​សិប្បនិម្មិត។  ១២.ការ​វះកាត់​បេះដូង និង​សរសៃឈាម​បេះដូង។១៣.ការ​លាង​ឈាម។  ១៤.ការ​ពិនិត្យ​សុខភាព​ទូទៅ។  គួរ​បញ្ជាក់​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម (ប​.​ស​.​ស) ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល មាន​ភារកិច្ច​គ្រប់គ្រង និង​ចាត់ចែង​របប​សន្តិសុខ​សង្គម អនុលោម​តាមច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ដែល​រួម​មាន​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ សម្រាប់​បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ទាំងឡាយ​ស្ថិត​​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់ ស្ដីពី​ការងារ ដោយ​រួមបញ្ចូល​ទាំង​បុគ្គលិក​ធ្វើការ​តាម​ផ្លូវ​អាកាស និង​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើ​ក្នុង​ផ្ទះ និង​បុគ្គល​ស្វ័យ​និ​យោជន៍៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង