ក្រសួងឱ្យបើកទ្វារទឹករំដោះបរិមាណ​ទឹក​កុំឱ្យជន់លិចរាជធានីភ្នំពេញ​នៅរដូវ​វស្សានេះ

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ បានណែនាំឱ្យមន្ត្រីជំនាញធ្វើការបើកទ្វារទឹកទាំងអស់កាត់បន្ថយបរិមាណទឹកក្នុងធាចំនួន ១ ៣០០ ម៉ែត្រគូបក្នុង១វិនាទីកុំឱ្យមកកៀកនឹងរាជធានីភ្នំពេញជន់លិចតំបន់ព្រលានយន្តហោះថ្មី និងជន់លិចផ្លូវក្រវាត់ក្រុងទី៣។   ការណែនាំបែបនេះគឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី ៥ ខែកញ្ញា នៅទីស្តីការក្រសួង ធនធានទឹក និងឧតុនិយមក្រោមវត្តមានលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។  នៅក្នុងកិច្ចប្រជុំបន្ទាន់ស្តីពីការងាររំដោះជំនន់ទឹកភ្លៀងឱ្យទៅតាមប្រឡាយ ព្រែក អូរ ស្ទឹង ទន្លេ និងតាមគ្រប់ច្រកទាំងអស់ចេញពីរាជធានីភ្នំពេញកុំឱ្យមានការលិចលង់នៅក្នុងរដូវវស្សា លោក ចាន់ ស៊ីណាត បានចាត់វិធាការអនុវត្តភ្លាមៗ ក្នុងការដោះស្រាយមិនឱ្យរាជធានីភ្នំពេញទទួលរងនូវគ្រោះហានិភ័យដោយសារទឹកជំនន់ក្នុងរដូវវស្សា និងឈានទៅអនុវត្តផែនការការងាររយៈពេលមធ្យមដោយធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធដោះទឹកទាំងឡាយដើម្បីធ្វើការបញ្ចប់នូវជំនន់គ្រប់ប្រភេទក្នុងទីក្រុងភ្នំពេញ និងទីក្រុងរណប។   លោក ចាន់ ស៊ីណាត ក៏បានចាត់ឱ្យមន្រ្តីជំនាញរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលសហការគ្នាធ្វើការបើកមុខទឹកទាំងអស់ចាប់ពីតំបន់ផ្នែកខាងលើកំពង់ទួលទឹកថ្លាទៅទល់នឹងតំបន់រលាំងជ្រៃទាំងសងខាងដោយកាត់បន្ថយបរិមាណទឹកក្នុងធាចំនួន ១ ៣០០ ម៉ែត្រគូបក្នុងវិនាទីកុំឱ្យមកកៀកនឹងរាជធានីភ្នំពេញ ចូលដល់តំបន់ X1 ជន់លិចតំបន់ព្រលានយន្តហោះថ្មី និងជន់លិចផ្លូវក្រវាត់ក្រុងទី៣។  ចំពោះមុខបំផុតក្រសួងធនធានទឹក និងឧតុនិយមនឹងត្រូវចាត់ឱ្យដំណើរការឡើងវិញលើប្រព័ន្ធប្រឡាយ៩២ ប្រព័ន្ធប្រឡាយ៩៤ ប្រព័ន្ធប្រឡាយ៩៦ ប្រព័ន្ធប្រឡាយខ្សាច់ដែលត្រូវជួយរំដោះទឹកឱ្យបានលឿនបំផុតចេញពីបណ្តាតំបន់ទាំងអស់ដែលនៅកៀកនឹងរាជធានីភ្នំពេញ៕    សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង