រោងចក្រទឹកកកធ្វើឱ្យលេចធ្លាយឧស្ម័នអាម៉ូញាក់នៅឫស្សីកែវ អាជ្ញាធរព្រមានចាត់វិធានការច្បាប់ បើមានការធ្លាយជាលើកទី២
រាជធានីភ្នំពេញ៖ រោងចក្រផលិតទឹកកកមួយកន្លែងស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដែលធ្លាយឧស្ម័នអាម៉ូញាក់ កាលពីល្ងាចថ្ងៃទី១កញ្ញា បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន៣២នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីមានអាការៈថប់ដង្ហើម ត្រូវបានអាជ្ញាធរផ្អាកសកម្មភាពជាបណ្តោះអាសន្ន និងបានកំណត់មិនត្រូវឱ្យមានការធ្លាយជាលើកទី២ មុនអនុញ្ញាតឱ្យធ្វើអាជីវកម្មឡើងវិញ…។ អភិបាលខណ្ឌឫស្សីកែវលោក ឯក ឃុនដឿន បានឱ្យដឹងថា អាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋមួយជំហានហើយ គឺទី១.ម្ចាស់អាជីវកម្មផលិតទឹកកក ត្រូវបានផ្អាកជាបណ្ដោះអាសន្នតាមការណែនាំរបស់ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយត្រូវរង់ចាំការសិក្សាជួសជុល វាយតម្លៃជាថ្មីម្ដងទៀត។ ទី២.ពាក់ព័ន្ធទៅនឹងបញ្ហាសំណង បញ្ហាសុខភាព និងការព្យាបាលចំពោះប្រជាពលរដ្ឋដែលឈឺ ម្ចាស់សហគ្រាសបានចេញថ្លៃព្យាបាល និងចំណាយទាំងអស់។ ចំណែកឯគ្រួសារដែលរងផលប៉ះពាល់ អាជ្ញាធរសង្កាត់ រួមជាមួយម្ចាស់សហគ្រាសផលិតទឹកកក បានចុះតាមផ្ទះជួបសុំការអភ័យទោស និងនាំគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនយកទៅជូនគ្រួសាររងផលប៉ះពាល់ទាំងនោះរួចហើយ។ ដោយឡែក ចំពោះរឿងពលរដ្ឋសំណូមពរឱ្យក្រុមហ៊ុនប្តូរទីតាំងទៅកន្លែងផ្សេង អាជ្ញាធរបានធ្វើការណែនាំម្ចាស់សហគ្រាសរួចហើយ បើក្នុងករណីកើតមានលើកទី២ អាជ្ញាធរនឹងបិទជាស្ថាពរ ហើយរោងចក្រត្រូវតែរកទីតាំងថ្មី។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអភិបាលខណ្ឌឫស្សីកែវ។ សូមជម្រាបថា បន្ទាប់ពីលេចធ្លាយឧស្ម័នអាម៉ូញាក់ បានធ្វើឱ្យប្រជាពលរដ្ឋចំនួន៣២នាក់រងផលប៉ះពាល់ ខណៈ៤នាក់រងគ្រោះធ្ងន់ ប៉ុន្តែមិនរងគ្រោះដល់អាយុជីវិតទេ។ ជនរងគ្រោះធ្ងន់ធ្ងរទាំង៤នាក់ ដែលមានអាការៈថប់ដង្ហើម និងសន្លប់នោះ បច្ចុប្បន្នត្រូវបានព្យាបាលជាសះស្បើយអស់ហើយដែរ៕ សម្រួលដោយ ទៀង បុណ្ណរី