សហរដ្ឋអាមេរិកបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជាង ៨ម៉ឺននាក់ទៀតក្នុង១ថ្
TNM(វ៉ាស៊ីនតោន) ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ បង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨០,១៦១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,០០៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,៧១៧,៤០៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៧៣,៨៥៦នាក់ និងជាសះស្បើយឡើងសរុប ២៤,២៧២,៨៦៩នាក់។
បើតាមទិន្នន័យរបស់ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក (CDC) វ៉ាក់សាំងប្រមាណជា ១៦៩លានដូសហើយ ត្រូវបានចាក់នៅក្នុងសហរដ្ឋអាមេរិក ក្នុងចំណោមវ៉ាក់សាំងជាង ២១៩លានដូសដែលត្រូវបានចែកចាយរួចរាល់ នៅទូទាំងប្រទេស៕