គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ប្រគល់វត្ថុបុរាណជាច្រើនមុខជូនមន្ទីរវប្បធម៌ខេត្តព្រះសីហនុ បន្ទាប់ពីស្រង់បានពីបាតសមុទ្រ
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានទទួលវត្ថុបុរាណជាច្រើនមុខពីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រដែលបានស្រង់ចេញពីបាតសមុទ្រដែលលិចជាមួយសំពៅរាប់សិបឆ្នាំកន្លងមកនេះ។ វត្ថុបុរាណសមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ដែលកម្លាំងទីបញ្ជាការជួរមុខបានរកឃើញ និងស្រង់ចេញពីបាតសមុទ្រនៅទីតាំងក្នុងសមុទ្រចន្លោះ កោះតាគាវ និងកោះឬស្សី ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា ទីតាំងដែលសំពៅលិចនេះជាច្រកសមុទ្រដែលមានទូកនេសាទក៏ដូចជាកប៉ាល់តូចធំបើកឆ្លងកាត់យ៉ាងមម៉ាញឹកផងដែរ។ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ស.ស. បានប្រាប់ថា សមុច្ច័យក្រឡភាជន៍ និងវត្តុផ្សេងៗ ដែលបានប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ ពេលនេះប្រយោជន៍ ដើម្បីឲ្យក្រុមមន្ត្រីជំនាញក្រសួង ធ្វើការចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ។ ពិធីប្រគល់ទទួលវត្ថុបុរាណនេះមានការចូលរួមពីលោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដា្ឋនបេតិកភ័ណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ប៊ុត បុប្ផា ប្រធានមន្ទីរវីប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ។ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ បានឲ្យដឹងថា វត្ថុបុរាណទាំងនេះ ជាសម្បត្តិវប្បធម៌ជាតិ ត្រូវរក្សាទុកដើម្បីយុវជនជំនាន់ក្រោយបានយល់ដឹងពីវប្បធម៌ និងស្នាដៃរបស់ដូនតាយើង។ ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ ប្រសិនបើប្រទះឃើញវត្ថុអ្វីមួយដែលសង្ស័យជាវត្ថុបុរាណបុរាណសូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬមន្ទីរវប្បធម៌ខេត្ត ដើម្បីឲ្យមន្ត្រីចុះទៅពិនិត្យ មើលហើយបើសិនជាវត្ថុបុរាណយើងនឹងយកមករក្សាទុកជាកេរ្តិ៍មរតកវប្បធម៌ជាតិខ្មែរយើង៕ សម្រួលដោយ ទៀង បុណ្ណរី