អាជ្ញាធរខេត្តកណ្តាលសហការជាមួយអាជ្ញាធរវៀតណាម ក្រសោបបានជនសង្ស័យធ្វើទារុណកម្មជំរិតទាប្រាក់ និងបង្ខាំងមនុស្សរហូតដល់ស្លា.ប់នៅជ្រៃធំ
ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរវៀតណាម បង្ក្រាបករណីបង្ខាំងមនុស្សជំរិតទាប្រាក់ និងធ្វើទារុណកម្មរហូតស្លាប់ លើជនរងគ្រោះចំនួន៥នាក់យ៉ាងព្រៃផ្សៃ កាលពីវេលាម៉ោង១២:៣០នាទីថ្ងៃទី២៦សីហា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះជួលភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល…។ បើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ដែលរួមមាន នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលអន្តរខេត្ត ខេត្តកណ្តាល, ខេត្តស្វាយរៀង, ខេត្តព្រះសីហនុ រួមជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តអានយ៉ាងនៃសាធារណដ្ឋសង្គមនិយមវៀតណាម បានបើកកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបករណីចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់ជាជនជាតិវៀតណាមចំនួន១៣នាក់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ដែលរួមមាន៖ ១.ឈ្មោះ ង្វៀង វៀតហីវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។ ២.ឈ្មោះ ង្វៀន វ៉ាន់ថាញ់ ភេទប្រុស អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែន សញ្ជាតិវៀតណាម លេខN២២៣១៨៩២។ ៣.ឈ្មោះ វូ ង៉ុកសឺង ភេទប្រុស អាយុ៣១ឆ្នាំ។ ៤.ឈ្មោះ ង្វៀង ទុយទាន់ ភេទប្រុស អាយុ៣៦ឆ្នាំ។ ៥.ឈ្មោះ ងូ វ៉ាន់ណាម ភេទប្រុស អាយុ២៧ឆ្នាំ។ ៦.ឈ្មោះ ង្វៀងវ៉ាន់ខៅ (មេក្លោង) ភេទប្រុស រត់គេចខ្លួន។ ៧.ឈ្មោះ ម៉ាញ (មេក្លោង) ភេទប្រុស ឃាត់ខ្លួននៅប្រទេសវៀតណាម។ ៨.ឈ្មោះ ថាញ់ (មេក្លោង) ភេទប្រុស រត់គេចខ្លួន។ ៩.ឈ្មោះ តៃ ភេទប្រុស ជនជាតិវៀតណាម រត់គេចខ្លួន។ ១០.ឈ្មោះ បូ ភេទប្រុស ជនជាតិវៀតណាម រត់គេចខ្លួន។ ១១.ឈ្មោះ ហ្សាង ភេទប្រុស រត់គេចខ្លួន។ ១២.ឈ្មោះ ចូវ ហ្សាក់ឌីញ ភេទប្រុស រត់គេចខ្លួន។ ១៣.ឈ្មោះ គៀត ភេទប្រុស រត់គេចខ្លួន។ ចំណែកអត្តសញ្ញាណជនរងគ្រោះ នៃករណីចាប់ជំរិតខាងលើនេះ ជនរងគ្រោះមានចំនួន៥នាក់(ស្ត្រីម្នាក់)ជាជនជាតិវៀតណាម មានដូចខាងក្រោម៖ ១.ឈ្មោះ ហ័ង វ៉ាន់មួ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិម៉ាត់សឺ ឃុំជីមិញ ស្រុកជឺលិញ ខេត្តហាយៀង ប្រទេសវៀតណាម កាន់អត្តសញ្ញាណបណ្ណ វៀតណាមលេខ 0៣00៨៤0១៩៧៤៦ (ស្លាប់) (វិជ្ជមានសារធាតុញៀន)។ ២.ឈ្មោះ ឡេ មិញហ័ន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅស្រុកឡុកណាម ខេត្តបាក់យ៉ាង កាន់អត្តសញ្ញាណបណ្ណវៀតណាមលេខ 0២៤0៩១0១0២៧២ (រងរបួសស្រាល)។ ៣.ឈ្មោះ ង្វៀង ហ៊ូលីញ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅស្រុកធីវហ្វា ខេត្តធីនហ្វា កាន់អត្តសញ្ញាណបណ្ណវៀតណាមលេខ 0៣៨0៩១000៧៨៤(រងរបួសស្រាល)។ ៤.ឈ្មោះ ផាម ធីទិញ ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅស្រុកហ៊រលឺ ខេត្តទិញប៊ិញ កាន់អត្តសញ្ញាណបណ្ណវៀតណាមលេខ0៣៧១៨៤000៦៦១ (រងរបួសធ្ងន់)។ ៥.ឈ្មោះ ញៀង វ៉ាន់ទាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅស្រុកជីលីញ ខេត្តហាយយឿង កាន់អត្តសញ្ញាណបណ្ណវៀតណាមលេខ0៣00៨២0១៩៦១0 (រងរបួសធ្ងន់)។ ជនរងគ្រោះក្នុងករណីខាងលើ បានប្រាប់មកកាន់មន្ដ្រីជំនាញថា ទឹកប្រាក់ចំនួន៥៧៥០០ដុល្លារ (ប្រាំម៉ឺនប្រាំពីរពាន់ប្រាំរយដុល្លារ)ត្រូវបានបាត់បង់។ យ៉ាងណាមិញ ក្នុងប្រតិបិត្តិការយ៉ាងក្ដៅគគុកនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញវត្ថុតាង និងសម្ភារនៅទីតាំងកើតហេតុចំនួន០៣ទីតាំង៖ក.នៅកន្លែងកើតហេតុ មានសំណាកឈាម ខ្សែជ័ររឹតដាច់ចំនួន១៣ខ្សែ មានខ្សែកាបូបស្ពាយចំហៀងពីរកំណាត់ មានខ្សែក្រណាត់ខោចងបត់ចន្ទាស មានកាបូបស្ពាយចំហៀងពណ៌ខ្មៅមួយអត់ខ្សែ មានខោអាវប្រលាក់ឈាម មានចំណងក្រណាត់ខោមួយ និងចំណងក្រណាត់អាវមួយ ស៊ីមកាតទូរសព្ទចំនួន០៥ស៊ីម មានកាបូបស្រីមួយ ស្គត់ក្រហមចំនួន០៤ និងម៉ាស០១។ខ.ក្នុងបន្ទប់ជួលលេខ១៤ របស់ជនសង្ស័យ សមត្ថកិច្ចរកឃើញលិខិតឆ្លងដែនចំនួន០៣រួមមាន៖ ១-ឈ្មោះ ង្វៀង វ៉ាន់ថាន់ ភេទប្រុស ជនជាតិវៀតណាម លេខលិខិតឆ្លងដែន២២៣១៨៩២។ ២-ឈ្មោះ ផាម ស៊ីទាន់ ភេទប្រុស ជនជាតិវៀតណាម លេខលិខិតឆ្លងដែនC៩៧៩៣៣២៦។ ៣-ឈ្មោះ ថាន់ ហ៊ុយទុង ភេទប្រុស ជនជាតិវៀតណាម លេខលិខិតឆ្លងដែនC២២១៨៧៦៧។ កូនកាំបិតពណ៌សដង+ផ្លែដែក ប្រឡាក់ស្នាមពណ៌ក្រហមព្រឿងៗ បងឈើមូលប្រវែងប្រមាណ ៧០សង់ទីម៉ែត្រ ដបទឹកសុទ្ធប្រើប្រាស់រួច ចំនួន០៣ដប។ គ.ក្នុងបន្ទប់ជួលលេខ១៣ របស់ជនសង្ស័យ មានបង់កាំភ្លើង០១ពណ៌ខ្មៅ (គ្មានគ្រាប់) ប្រអប់ដាក់កាំភ្លើង០១ពណ៌ខ្មៅ ស្នោដាក់កាំភ្លើង០១ពណ៌ស ប្រអប់ស្បែកជើង០១ម៉ាក (GUCCI) ពណ៌បៃតង ដបទឹកសុទ្ធប្រើប្រាស់រួច០១ដប។ សូមរម្លឹកថា មុនពេលកើតហេតុថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ប្រហែលម៉ោង១២ថ្ងៃត្រង់ មានជនជាតិវៀតណាម២នាក់ បានមកជួលផ្ទះក្នុងតម្លៃ១០០០ដុល្លារ ក្នុង១ខែ ដោយកក់៥០០ដុល្លារ ប្រាប់ថាស្អែកបានធ្វើឯកសារជួល។ លុះព្រឹកឡើងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល១២:៣០នាទី ម្ចាស់ផ្ទះឡើងទៅសួរ ដើម្បីធ្វើកិច្ចសន្យាជួលផ្ទះ ស្រាប់តែឃើញសាកសពនៅក្នុងបន្ទប់ទឹក ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យ។ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យដើម្បីសួរនាំ និងបន្ដតាមនីតិវិធីច្បាប់ នៅថ្ងៃទី០៣ ខែកញ្ញា ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគេបានធ្វើសកម្មភាពធ្វើទារុណកម្មទៅលើជនរងគ្រោះចំនួន០៥នាក់ មានដូចជា ចងជើង ចងដៃ យកស្គុតបិតមាត់ និងបានធ្វើសកម្មភាព យកកាំភ្លើងភ្ជង់ជនរងគ្រោះ រួចបានយកស្បោងប្លាស្ទិចដុតបន្តក់លើជនរងគ្រោះ ហើយបានយកកូនកាំបិតចាក់ភ្លៅជនរងគ្រោះ បណ្តាលឱ្យស្លាប់០១នាក់ និងរងរបួសចំនួន០៤នាក់ពិតមែន។ បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួនបាន កម្លាំងជំនាញកំពុងចាត់ការបន្តតាមនីតិវិធី..៕ សម្រួលដោយ ទៀង បុណ្ណរី