មនុស្សជិត៣០នាក់ ត្រូវបានសង្រ្គោះបន្ទាន់ក្រោយមានលេចធ្លាយចំហាយអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយនៅខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស-ស្រីប្រមាណ២៩នាក់ បានរងផលប៉ះពាល់ផ្នែកផ្លូវដង្ហើមត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗទាំងយប់ បន្ទាប់ពីពួកគេបានស្រូបប៉ះចំហាយអាម៉ូញាក់ ដែលលេចធ្លាយចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…។ ផ្អែកតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតមានករណីពលរដ្ឋដួលសន្លប់ ថប់ដង្ហើម និងហូរទឹកភ្នែកនេះ នៅវេលាម៉ោង៧យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ គេបានឃើញមានផ្សែងហ៊ុយចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ដោយសង្ស័យថា ជាករណីអគ្គិភ័យ ភ្លាមៗនោះប្រជាពលរដ្ឋបានផ្តល់ដំណឹងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់។ ប៉ុន្តែក្រោយមន្ត្រីជំនាញអគ្គិភ័យទៅដល់ទីតាំងកើតហេតុ ទើបដឹងថា មិនមែនជាករណីអគ្គិភ័យនោះទេ គឺជាការធ្លាយចំហាយឧស្ម័ន អាម៉ូញ៉ាក់ ចេញពីទីតាំងរោងចក្រផលិតទឹកកកទៅវិញ។ ជាហេតុធ្វើឱ្យមនុស្សប្រុស-ស្រី ទាំងចាស់ និងក្មេង ដែលរស់នៅជុំវិញតំបន់កើតហេតុ ស្រូបក្លិនចំហាយទាំងនោះចូលផ្លូវដង្ហើមបណ្តាលឱ្យមានអ្នកដួលសន្លប់ ថប់ដង្ហើម និងហូរទឹកភ្នែក ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់។ ភ្លាមៗក្រោយកើតហេតុ គេឃើញវត្តមានលោកអភិបាលខណ្ឌឫស្សីកែវ ព្រមទាំងមន្ត្រីជាប់ពាក់ព័ន្ធ និងសមត្ថកិច្ចចម្រុះ ចុះទៅដល់ទីតាំងកើតហេតុ ត្រួតពិនិត្យទីតាំងខាងលើ និងធ្វើការស្រាវជ្រាវដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់នាពេលក្រោយ។ ទោះយ៉ាងណា ប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកើតហេតុនៅតែបារម្ភពីសុវត្ថិភាពសុខភាពសាធារណៈ ខណៈដែលករណីធ្លាយចំហាយ អាម៉ូញ៉ាក់ចេញពីរោងចក្រផលិតទឹកកកនេះមិនមែនជាលើកទីមួយនោះទេ ពោលកន្លងមកក៏ធ្លាប់មានការធ្លាយចំហាយអាម៉ូញ៉ាក់នេះដែរព្រមទាំងធ្លាប់បណ្តាលឱ្យមានមនុស្សស្លាប់ ដោយសារសង្គ្រោះមិនទាន់ពេល។ ជាមួយគ្នានេះ ពលរដ្ឋខ្លះបានគូសបញ្ជាក់បន្ថែមថា៖«រៀងរាល់ឆ្នាំរោងចក្រផលិតទឹកកកមួយនេះ តែងតែមានការធ្លាយចំហាយអាម៉ូញាក់នេះ ច្រើនដងក៏ប៉ុន្តែជាទ្រង់ទ្រាយតូច គ្រាន់តែជះក្លិនមិនល្អតែប៉ុណ្ណោះប៉ុន្តែពេលនេះបែរជាធ្លាយខ្លាំងធ្វើឱ្យពួកគាត់បានរម្ភពីបញ្ហាសុខភាពជាខ្លាំង»។ បន្ថែមលើនេះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធត្រូវមានវិធានការម៉ឺងម៉ាត់ចំពោះក្រុមផលិតទឹកកកមួយកន្លែងនេះ ផងចៀសវាងមានហេតុការណ៍ដដែលជាញឹកញាប់កើតឡើងបែបនេះតទៅទៀត…៕ សម្រួលដោយ ទៀង បុណ្ណរី