យី..ដល់ម្លឹងថៃ..! ស្ត្រីខ្មែរ៣នាក់ ត្រូវបានតម្រួតថៃចាប់ខ្លួន ពីបទធ្វើត្រីងៀតលក់ដោយគ្មានច្បាប់អនុញ្ញាត
រាជធានីបាងកក៖ ស្ត្រីខ្មែរ៣នាក់ ដែលបានបម្រើការងារនៅក្នុងប្រទេសថៃ ត្រូវបានតម្រួតថៃចាប់ខ្លួន ដោយពិន័យជាប្រាក់ក្នុងម្នាក់១ម៉ឺនបាត ពីបទធ្វើត្រីងៀតលក់ ដោយគ្មានច្បាប់អនុញ្ញាត…។ អ្នកនាង វ៉ាន់ស៊ី ឆៃដា ដែលតម្រួតថៃចាប់ខ្លួន បានបង្ហោះហ្វេសប៊ុកកាលពីថ្ងៃទី២៥សីហា កន្លងទៅថ្មីៗនេះ ថា រូបនាងជាមួយ និងស្វាមី បានចូលមកធ្វើការនៅក្នុងរោងចក្រមួយកន្លែង។ ក្រៅម៉ោងធ្វើការ ប្ដីរបស់នាងបានចេញទៅរកត្រី ព្រោះនៅក្បែរកន្លែងដែលនាងស្នាក់នៅ មានបឹងមួយកន្លែងសម្បូរត្រី។ ក្រៅពីបរិភោគ ដោយសារត្រីសល់ច្រើនពេក នាងក៏បែកគំនិតធ្វើជាត្រីប្រឡាក់ និងវះងៀតហាលឱ្យស្ងួតទើបនាំយកទៅលក់ក្នុងផ្សារក្បែរផ្ទះ ដើម្បីបានលុយខ្លះទុកចិញ្ចឹមក្រពះ។ នៅពេលកំពុងលក់ ក៏ស្រាប់តែមានតម្រួតចុះមកចាប់នាង រួមទាំងស្ត្រី២នាក់ទៀត ដែលលក់ត្រីងៀតដូចគ្នា ដោយចោទប្រកាន់ថា ធ្វើត្រីប្រឡាក់ និងត្រីងៀតលក់ដោយគ្មានច្បាប់អនុញ្ញាត ព្រោះអាចខ្វះអនាម័យផង និងប៉ះពាល់ដល់មុខរបរពលរដ្ឋថៃផង។ តម្រួតថៃបញ្ជាក់ថា ច្បាប់នៅក្នុងប្រទេសថៃ មិនអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ប្រកបមុខរបរឯកជនណាមួយ ជាន់គ្នាជាមួយមុខរបរជនជាតិថៃឡើយ ដោយតម្រួតបាននាំខ្លួនស្ត្រីទាំង៣នាក់យកទៅឃុំខ្លួនជាបណ្តោះអាសន្ន និងដាក់ពិន័យក្នុងម្នាក់ៗចំនួន១មុឺនបាត។ ក្រោយមកស្ត្រីខ្មែរទាំង៣នាក់ បានព្រមប្រគល់ប្រាក់ចំនួន៣មុឺនបាតទៅឱ្យតម្រួតថៃ ដើម្បីបានរួចផុតពីទោសទណ្ឌ ប៉ុន្តែផ្ទុយទៅវិញ តម្រួតមិនបានដោះលែងតាមពាក្យដែលបានសន្យានោះទេ ដោយគេបានបញ្ជូនឯកសារទៅតុលាការថែមទៀត និងបានសម្រេចបញ្ជូនខ្លួនស្ត្រីទាំងនេះមកកម្ពុជាវិញ ក្នុងអំឡុងសប្តាហ៍ក្រោយ ទើបស្ត្រីទាំង៣នាក់សម្រេចបង្ហោះហ្វេសប៊ុកសុំឱ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃជួយអន្តរាគមន៍។ តែនៅទីបំផុតការឃុំខ្លួនបានតែ១២ម៉ោង ប៉ុណ្ណោះក៏ត្រូវបានដោះលែង ដោយសារមានការអន្តរាគមន៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងបានធ្វើការងារនៅទីនោះជាបន្តទៀត៕ សម្រួលដោយ ទៀង បុណ្ណរី